ក្រសួងសេដ្ឋកិច្ច៖ វិស័យសំណង់និងអចលនទ្រព្យនឹងធ្លាក់ចុះក្នុងរយៈពេល៤ឆ្នាំខាងមុខ
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានព្យាករណ៍ថា កំណើនវិស័យសំណង់ និងអចលនទ្រព្យ ដែលជាអនុវិស័យជំរុញកំណើនសេដ្ឋកិច្ចជាតិ គឺនឹងធ្លាក់ចុះនៅឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២២ ក៏ប៉ុន្តែ វិស័យទាំងពីរនេះ នៅតែរក្សាភាពរឹងមាំដដែល។
របាយការណ៍ដែលចែកដល់អ្នកសារព័ត៌មានក្នុងកិច្ចប្រជុំពេញអង្គទីស្តីការគណៈរដ្ឋមន្រ្តីកាលពីថ្ងៃទី ៣០ ខែសីហា បានបង្ហាញថា វិស័យសំណង់ត្រូវបានគេរំពឹងថា នឹងកើនឡើងក្នុងល្បឿន ១៧,៣ ភាគរយ ក្នុងឆ្នាំ ២០១៩ ហើយនឹងធ្លាក់ចុះដល់ ១៦,១ភាគរយ នៅឆ្នាំ ២០២០ ខណៈឆ្នាំ ២០២១ និង ២០២២ តួរលេខនេះនឹងបន្តថយចុះដល់ ១៥.៥ ភាគរយ និង ១៤,៩ ភាគរយរៀងៗគ្នា។
នេះជារបាយការណ៍ដែលបង្ហាញថា វិស័យអចលនទ្រព្យនឹងកើនឡើង ៨,៨ភាគរយក្នុងឆ្នាំ ២០១៩ ហើយធ្លាក់ចុះដល់ ៨.៥ ភាគរយនៅឆ្នាំ ២០២០។ តួលេខនេះដែរ នឹងបន្តធ្លាក់ចុះដល់ ៧,៩ភាគរយ នៅឆ្នាំ ២០២១ និងធ្លាក់ចុះដល់ ៧.៥ ភាគរយនៅឆ្នាំ ២០២២។
ការធ្លាក់ចុះនេះ បានកើតឡើងខណៈដែលកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០១៩ រំពឹងថានឹងកើនឡើង ៧,១ ភាគរយ ហើយធ្លាក់ចុះមកនៅត្រឹម ៦,៥ ភាគរយនៅឆ្នាំ ២០២០ ដោយសារតែសម្ពាធក្រៅស្រុកដូចជា ការប្រឈមនឹងការបាត់បង់កិច្ចព្រមព្រៀងពាណិជ្ជកម្ម «អ្វីៗទាំងអស់លើកលែងតែអាវុធឬ (EBA)» ជាមួយសហភាពអឺរ៉ុប។
ទោះជាយ៉ាងនេះក្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា វិស័យសំណង់នៅតែរក្សាភាពរឹងមាំ។ នេះគឺដោយសារ វិស័យសំណង់គាំទ្រដោយសន្ទុះកំណើននៃសំណង់តម្លៃមធ្យម និងសមរម្យ តាមរយៈការអនុវត្តគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានតម្លៃសមរម្យ និងភាពជឿជាក់ចំពោះការវិនិយោគនៅកម្ពុជា ដែលជួយប៉ះប៉ូវការធ្លាក់ចុះនៃសំណង់តម្លៃខ្ពស់មួយផ្នែក។
វិស័យសំណង់នៅកម្ពុជាមានការកើនឡើងខ្លាំងក្នុងរយៈពេលប្រមាណជា ១០ ឆ្នាំ ចុងក្រោយនេះ ដែលក្នុងនោះគិតត្រឹម ខែកក្កដា ឆ្នាំ ២០១៩ វិស័យនេះ ទទួលបានទុនវិនិយោគរហូតដល់ទៅ ៤៦.២៤ ពាន់លានដុល្លារអាមេរិក ដែលស្មើទៅនឹង ៤៦ ១៣០ គម្រោងសំណង់។
ក្នុងនោះដែរ គិតត្រឹមខែមិថុនាឆ្នាំ ២០១៩ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុម័តគម្រោងសាងសង់ចំនួន ២០៤៧ គម្រោង ដោយមានទុនវិនិយោគប្រមាណជាង ៣.៣ ពាន់លានដុល្លារអាមេរិក ពោលគឺកើនឡើង ២៤.៥ ភាគរយគិតជាចំនួនគម្រោង និងកើនឡើង ៥៧.៥៧ ភាគរយគិតជាទុនវិនិយោគ នេះបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ (អានបន្ថែម)
ដោយឡែកសម្រាប់វិស័យអចលនទ្រព្យវិញ ក៏ត្រូវបានរំពឹងថានឹងមានភាពរឹងមាំស្របតាមនិន្នាការនៃវិស័យសំណង់ផងដែរ។
- Video Advertisement -