កម្ចីសម្បទានសង់ផ្លូវល្បឿនលឿនទីពីរនៅកម្ពុជា នឹងចុះហត្ថលេខានៅខែវិច្ឆិកា

គម្រោងកម្ចីសម្បទានសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត អាចនឹងត្រូវបានចុះហត្ថលេខានៅខែវិច្ឆិកាខាងមុខ ខណៈក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនសាងសង់ចិន កំពុងពន្លឿនបញ្ចប់កិច្ចព្រមព្រៀងសម្បទាន។

គម្រោងកម្ចីសម្បទាននេះ នឹងត្រូវចុះហត្ថលេខាក្នុងអំឡុងទស្សនកិច្ចផ្លូវការរបស់ នាយករដ្ឋមន្រ្តីចិន ឯកឧត្តម Li Keqiang នៅកម្ពុជា នៅថ្ងៃទី៩ ខែវិច្ឆិកា។ នេះជាការលើកឡើងរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២៧ ខែតុលា។​

ឯកឧត្តម ស៊ុន ចាន់ថុល មានប្រសាសន៍ថា៖ “ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងធ្វើការដុតដៃដុតជើង ដើម្បីបញ្ចប់ការចរចាបញ្ចប់កិច្ចព្រមព្រៀងសម្បទាន ដើម្បី អាចចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្រ្តីចិន នៅថ្ងៃទី៩ ខែវិច្ឆិកា”។

សូមបញ្ជាក់ថា គណៈកម្មការអន្តរក្រសួង និងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ បានឯកភាពគ្នាលើកិច្ចព្រមព្រៀងក្របខណ្ឌដើម្បីសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត។

- Video Advertisement -