កម្ពុជាកំពុងស្រាវជ្រាវលើករណីដែលថៃសាងសង់ប្រាសាទចម្លងតាមប្រាសាទអង្គរវត្ត

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានស្នើឱ្យកុងស៊ុលកម្ពុជាប្រចាំនៅប្រទេសថៃជួយស្រាវជ្រាវឱ្យបានល្អិតល្អន់លើករណីការសាងសង់ប្រាសាទដូចអង្គរវត្តនៅលើទឹកដីថៃ បន្ទាប់ពីប្រជាជនខ្មែរជាច្រើនក្នុងបណ្តាញសង្គមហ្វេសប៊ុកសំដែងភាពមិនពេញចិត្តលើការចម្លងសំណង់បេតិកភណ្ឌមួយនេះ។

ការផ្សព្វផ្សាយនៅក្នុងបណ្ដាញសង្គមនានាបានឱ្យដឹងថា គម្រោងសាងសង់ប្រាសាទដូចអង្គរវត្តនេះ មានឈ្មោះថា សីហនគរ ដែលកំពុងសាងសង់នៅខេត្តបុរីរ៉ាំ ដែលមានចម្ងាយប្រមាណ៣០០គីឡូម៉ែត្រពីទីក្រុងបាងកក ប្រទេសថៃ។

ព័ត៌មាននេះ បានទាក់ទាញការចាប់អារម្មណ៍ជាច្រើនរបស់អ្នកប្រើប្រាស់អិនធើណេត អំពាវនាវឱ្យអាជ្ញាធរពាក់ព័ន្ធចាត់វិធានការ។

ជាការឆ្លើយតប លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថ្លែងប្រាប់ស្ថានីយទូរទស្សន៍ BTV ថា ក្រសួងបានទាក់ទងទៅកុងស៊ុលកម្ពុជាប្រចាំនៅទីនោះឱ្យស្រាវជ្រាវករណីនេះឱ្យបានល្អិតល្អន់ហើយ។

គួរបញ្ជាក់ផងដែរ កាលពីខែតុលា ឆ្នាំមុន ក៏មានករណីស្រដៀងគ្នានេះដែរ ដោយសណ្ឋាគារ Le Palais Hotel នៅលើកោះ Phangan នៃប្រទេសថៃបានប្រើប្រាស់រចនាបទប្រាសាទបុរាណខ្មែរអង្គរ មកតែងលម្អសណ្ឋាគារ និងភោជនីយដ្ឋាន ដែលបង្កឱ្យមានការមិនពេញចិត្តពីប្រជាជនកម្ពុជាជាច្រើន។ (អានបន្ថែម)

ក្រោយមក ម្ចាស់សណ្ឋាគារក៏ចេញលិខិតសូមអភ័យទោស ដោយបកស្រាយថាសំណង់គឺធ្វើឡើងដើម្បីកោតសរសើរ គោរពស្រឡាញ់ ចំពោះសិល្បៈអង្គរ មិនមែនជាការចម្លងទេ។

  

- Video Advertisement -