កម្ពុជាត្រូវការថវិកាជិត៥០ពាន់លានដុល្លារ ដើម្បីអនុវត្តគម្រោងដឹកជញ្ជូន៣៣០ នៅ១០ឆ្នាំខាងមុខ

កម្ពុជានឹងត្រូវការថវិកាប្រមាណ ៤៨ប៊ីលានដុល្លារអាមេរិក ដើម្បីអនុវត្តគម្រោងប្រព័ន្ធដឹកជញ្ជូនចំនួន៣៣០គម្រោង ក្នុងរយៈពេល១០ឆ្នាំខាងមុខ។

ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងដូច្នេះ ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី២៧ (ATM) ជាមួយក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហរដ្ឋអាមេរិក  (US-ABC) កាលពីថ្ងៃទី១១ ខែវិច្ឆិកា កន្លងទៅ។

ឯកឧត្តម បានបន្ដថា មិនមែនតែប្រទេសកម្ពុជាទេ បើតាមការប៉ាន់ប្រមាណ អាស៊ានទាំងមូលក៏នឹងត្រូវការថវិកាប្រមាណ ២១០ពាន់លានដុល្លារ ក្នុងមួយឆ្នាំៗ រហូតដល់ឆ្នាំ២០៣០ សម្រាប់ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងបង្កើនប្រសិទ្ធភាពនៃការដឹកជញ្ជូន ភស្តុភារកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ផងដែរ។

ក្រៅពីបញ្ជាក់ពីតម្រូវការទុន ឯកឧត្តមក៏បានបង្ហាញអំពីលទ្ធផលសំខាន់ៗ និងបញ្ហាអាទិភាពសំខាន់ៗផ្សេងៗរួមមាន៖

-ការបញ្ចប់ពិធីសារដើម្បីអនុវត្តកញ្ចប់សន្យាទី១២ ស្តីពីសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសក្រោមកិច្ចព្រមព្រៀងក្របខណ្ឌអាស៊ានស្តីពីសេវាកម្ម

-ការបញ្ចប់ការចរចាកិច្ចព្រមព្រៀងដឹកជញ្ជូនផ្លូវអាកាសគ្រប់ជ្រុងជ្រោយអាស៊ាន-សហភាព អឺរ៉ុប

– ការអនុវត្តពិធីសារទី៧ ស្តីពីប្រព័ន្ធដឹកជញ្ជូនឆ្លងកាត់គយអាស៊ាននៃកិច្ចព្រមព្រៀងក្របខណ្ឌអាស៊ានស្តីពីកិច្ចសម្រួលដឹកជញ្ជូនទំនិញឆ្លងកាត់

-ការអនុម័តសេចក្តីប្រកាសភ្នំពេញ ស្តីពីការដឹកជញ្ជូនក្នុងទីក្រុងប្រកបដោយនិរន្តរភាព និងការធ្វើផែនការប្រើប្រាស់ដីក្នុងតំបន់អាស៊ានជាដើម៕

- Video Advertisement -