កម្ពុជាត្រៀមខ្ចីលុយជាង ២ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍវិស័យសំខាន់ៗក្នុងឆ្នាំ២០២៤
ក្នុងឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងខ្ចីលុយចំនួន ១៧០០លានអេសដេអ៊ែរ (ជាទុនបម្រុងអន្តរជាតិរបស់ IMF ដែលអាចប្ដូរទៅជាលុយសុទ្ធបានតាមតម្រូវការ) ស្មើនឹងជាង ២,២ពាន់លានដុល្លារ ពីដៃគូអភិវឌ្ឍន៍ ដើម្បីអភិវឌ្ឍវិស័យជាអាទិភាពមួយចំនួន។ នេះបើតាមខ្លឹមសារសង្ខេបស្តីពីសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤។
កម្ចីទាំងនេះ នឹងត្រូវបានប្រើប្រាស់សម្រាប់អភិវឌ្ឍវិស័យសំខាន់ៗដូចខាងក្រោម៖
- វិស័យថាមពលចំនួន ១គម្រោងគឺ៖ គម្រោងពង្រីកប្រព័ន្ធបញ្ជូននិងចែកចាយអគ្គិសនី ជំហានទី ៣; វិស័យធារាសាស្ត្រចំនួន ៣ គម្រោងគឺ៖ គម្រោងអភិវឌ្ឍន៍ធនធានទឹកផ្នែកខាងក្រោមស្ទឹងសែន ខេត្តកំពង់ធំ, គម្រោងគ្រប់គ្រងធនធានទឹកចម្រុះនៅតំបន់ដីសណ្តរទន្លេមេគង្គភាគខាងកើត ជំហានទី ២ នៅខេត្តព្រៃវែងនិងស្វាយរៀង, និងកម្មវិធីគ្រប់គ្រងធនធានទឹកនិងការផ្លាស់ប្ដូរ វិស័យកសិកម្ម ជំហានទី ២
- វិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្តចំនួន ១៦ គម្រោងគឺ៖ គម្រោងធ្វើឱ្យប្រសើរឡើងនូវកំណាត់ផ្លូវជាតិលេខ៥ ពីធ្លាម្អម ខេត្តពោធិ៍សាត់-ក្រុងបាត់ដំបង និងពីក្រុងសិរីសោភ័ណ-ក្រុងប៉ោយប៉ែត ជំហានទី ៣, គម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ៦ ក្នុងខេត្តសៀមរាប (ត្រពាំងធំ-ស្លក្រាម), គម្រោងសាងសង់ផ្លូវខ្សែក្រវ៉ាត់ក្រុងទី៣ ត្រើយខាងកើតទន្លេមេគង្គដំណាក់កាលទី១ (ស្ពាន២ កន្លែងឆ្លងកាត់កោះដាច់ និងផ្លូវ៣០ គម), គម្រោងសាងសង់ផ្លូវជាតិលេខ៧០បេ (ទន្លេបិត ផ្លូវជាតិលេខ ៧-ស្រីសន្ធរ-ព្រែកតាមាក់-ល្វាឯម-ពាមរក៍ ផ្លូវជាតិលេខ១១), គម្រោងសាងសង់ ផ្លូវជាតិលេខ៥០សេ ពីកំពង់ឆ្នាំង ទៅកំពង់ធំ, គម្រោងការពារទឹកជំនន់និងអភិវឌ្ឍន៍បណ្ដាញ បង្ហូរទឹកកខ្វក់នៅរាជធានីភ្នំពេញ, គម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពនូវការផ្គត់ផ្គង់ទឹកស្អាតនៅភាគខាងកើតនិងខាងត្បូង, គម្រោងកែលម្អផ្លូវជនបទ ជំហានទី៤, គម្រោងសាងសង់ផ្លូវជនបទបន្ទាន់, គម្រោងពង្រឹងសមត្ថភាពធន់ទ្រំានៃជនបទ, គម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ (ហិរញ្ញប្បទានបន្ថែម), គម្រោងពង្រីកការផ្គត់ផ្គង់ទឹកស្អាតនិរោធ, គម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យតាមខេត្ត(ហិរញ្ញប្បទានបន្ថែម), គម្រោងកែលម្អការផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទ, គម្រោងកែលម្អសន្តិសុខទឹក, និងគម្រោងពន្លឿនការផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យ
- វិស័យអប់រំនិងបណ្តុះបណ្តាលវិជ្ជាជីវៈចំនួន ២ គម្រោងគឺ៖ គម្រោងអភិវឌ្ឍន៍ភាពប្រកួតប្រជែង ធនធានមនុស្សក្នុងវិស័យអប់រំកម្រិតទុតិយភូមិ និងគម្រោងអភិវឌ្ឍន៍ជំនាញការងារ
- វិស័យអាទិភាពផ្សេងទៀតចំនួន ២ គម្រោងគឺ៖ កម្មវិធីជំរុញពាណិជ្ជកម្មនិងការប្រកួតប្រជែង។
គួរបញ្ជាក់ថា កម្ចីក្រៅប្រទេសនូវទំហំដ៏ធំខាងលើនេះ នឹងមិនបង្កើតជាបំណុលវ័ណ្ឌករដល់កម្ពុជានោះទេ ពោលជាទិដ្ឋភាពបច្ចេកទេស ស្ថានភាពបំណុលសាធារណៈកម្ពុជា នៅតែត្រូវបានវាយតម្លៃថាមាន «ចីរភាព» និង «ហានិភ័យកម្រិតទាប» ដដែល ដោយរាល់សូចនាករបំណុល គន្លឹះសំខាន់ៗរបស់កម្ពុជា សុទ្ធតែស្ថិតក្រោមអនុបាតគោលទាំងអស់។
- Video Advertisement -