កម្ពុជាផ្ដោតលើការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសដើម្បីត្រៀមខ្លួនសម្រាប់ឧស្សាហកម្ម ៤.០

ជាមួយ​នឹង​ការវិវត្តន៍​ផ្នែក​បច្ចេកវិទ្យា និង ការ​កើន​ឡើង​នៃ​ការប្រកួត​ប្រជែង​ទីផ្សារ​ពិភពលោក​កម្ពុជា​ត្រូវតែ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​របស់​ខ្លួន​ដើម្បី​ធ្វើ​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់ និង ត្រៀម​ខ្លួន​ដើម្បី​អនុវត្ត​ចក្ខុវិស័យ​ឧស្សាហកម្ម ៤.០។

បច្ចុប្បន្ន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា កំពុង​ផ្តោត​លើ​ការអភិវឌ្ឍន៍​តំបន់​សេដ្ឋកិច្ច​ពិសេស (SEZs) ដែល​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​ដើម្បី​ជំរុញ​វិស័យ​ឧស្សាហកម្ម។

បើ​តាម​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម (ឆ្នាំ ២០១៥២០២៥) រដ្ឋាភិបាល​កម្ពុជា​សង្ឃឹម​ថា​នឹង​បង្កើន​​ផលិតផល​ក្នុង​ស្រុក​សរុប​នៃ​វិស័យ​ឧស្សាហកម្ម​រហូត​ដល់ ៣០% នៅ​ឆ្នាំ ២០២៥ ខណៈ​ដែល​វិស័យ​ផលិតកម្ម​​បាន​កើន​ឡើង​ពី ១៥.% ដល់ ២០% ក្នុង​ឆ្នាំ ២០១៣ ។ នេះ​បង្ហាញ​ពី​ភាព​ចាំបាច់​ដើម្បី​កែ​លម្អ និង ធ្វើ​ពិពិធកម្ម​ (ធ្វើ​ឲ្យ​​​មាន​ភាព​ចម្រុះ) វិស័យ​ឧស្សាហកម្ម​ដើម្បី​ឱ្យ​ប្រទេស​កម្ពុជា​ឈាន​ទៅ​រក​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​មួយ​កម្រិត​ទៀត។

ឯកឧត្ដម ជា វុទ្ធី អគ្គលេខាធិការ​រង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​លើក​ឡើង​ថា កម្ពុជា​កំពុង​ផ្តោត​លើ​ការ​ធ្វើ​ពិពិធកម្ម​វិស័យ​ឧស្សាហកម្ម​ដើម្បី​ប្រកួត​ប្រជែង​ក្នុង​ទីផ្សារ​អន្តរជាតិ និង ដើម្បី​កុំ​ឲ្យ​ពឹង​ផ្អែក​ចម្បង​តែ​លើ​វិស័យ​កាត់ដេរ​សំលៀកបំពាក់ និង ស្បែក​ជើង​ដែល​បច្ចុប្បន្ន​ទាក់ទាញ​ក្រុមហ៊ុន​ប្រមាណ ៧០០។

ឯកឧត្ដម​បន្ត​ថា ចាប់តាំង​ពី​ការ​ដាក់​ចេញ​នូវ​​គោល​នយោបាយ​ឧស្សាហកម្ម​មក ​កម្ពុជា​បាន​ទាក់ទាញ​ឧស្សាហកម្ម​ថ្មីៗ​ដូចជា​ឧបករណ៍​អគ្គិសនី យានយន្ត និង គ្រឿង​តុបតែង ដែល​ភាគ​ច្រើន​ស្ថិត​នៅ​ក្នុង​ទីតាំង​តំបន់​សេដ្ឋកិច្ច​ពិសេស។

ទោះបី​ជា វា​ពិបាក​កំណត់​ដំណាក់កាល​នៃ​បដិវត្ត​ឧស្សាហកម្ម​ដែល​កម្ពុជា​កំពុង​មាន​ក៏ដោយ ក៏គេ​អាច​និយាយ​បាន​ថា​ប្រទេស​នេះ​ស្ថិត​នៅ​ចន្លោះ​បដិវត្ត​ឧស្សាហកម្ម ២.០ និង ៣.០ ដោយ​ផ្អែក​លើ​និយមន័យ​របស់​ Henry Ford (១៩១៣) ដែល​សំដៅ​ទៅ​លើ​ឧស្សាហកម្ម ២.០ ជា​ដំណាក់​កាល​មួយ ដែល​ឧស្សាហកម្ម​បាន​ផ្លាស់ប្ដូរ​ឆ្ពោះ​ទៅ​រក​ការ​ផលិត​អគ្គិសនី និង រថយន្ត ខណៈ​ដែល​បដិវត្ត​ឧស្សាហកម្ម ៣.០ គឺជា​ពេលវេលា​មួយ​ដែល​ប្រទេស​នេះ​អាច​ផលិត​កុំព្យូទ័រ​ និង ផលិតផល​បច្ចេកវិទ្យា​ផ្សេងៗ​ទៀត។

លោក សួន វិជ្ជា សាស្ត្រាចារ្យ​ផ្នែក​សេដ្ឋកិច្ច​នៅ​សាកលវិទ្យាល័យ​បញ្ញាសាស្រ្ត​កម្ពុជា និង ជា​មន្ត្រី​ជាន់ខ្ពស់​នៅ​ក្រសួង​ពាណិជ្ជកម្ម​បាន​មាន​ប្រសាសន៍​ថា​ វិស័យ​ឧស្សាហកម្ម​មាន​សារសំខាន់​សម្រាប់​ប្រទេស​កម្ពុជា​ដើម្បី​សម្រេច​គោលដៅ​សេដ្ឋកិច្ច​របស់​ខ្លួន។

លោក​បន្ថែម​ថា “រដ្ឋាភិបាល​ក៏​គ្រោង​នឹង​អនុម័ត​សេដ្ឋកិច្ច​ឌីជីថល​ ជាពិសេស​ឧស្សាហកម្ម ៤.០ ហើយ​ដើម្បី​ទទួល​បាន​ជោគជ័យ​នេះ​រដ្ឋាភិបាល​ចាំបាច់​ត្រូវ​ត្រៀម​ខ្លួន​ចាប់ពី​ពេល​នេះ​ទៅ”។

បើ​តាម​សាស្ត្រាចារ្យ​ផ្នែក​សេដ្ឋកិច្ច​រូប​នេះ ដើម្បី​​​អាច​​ឈាន​ដល់​​ចំណុច​ទាំង​នេះ កម្ពុជា​ត្រូវ​រង់ចាំ​​ពី ១០ ទៅ ១៥​ឆ្នាំ​ទៀត ហើយ​រដ្ឋាភិបាល​ ត្រូវការ​អភិវឌ្ឍ​ធនធាន​មនុស្ស បង្កើន​សមត្ថភាព​ក្នុង​វិស័យ​បច្ចេកវិទ្យា​គមនាគមន៍ ព័ត៌មានវិទ្យា និង ទូរគមនាគមន៍ ហើយ​និង ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងទៀត។​​

ដោយ​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន ៤៤ នៅ​ទូទាំង​ប្រទេស ឯកឧត្ដម ជា វុទ្ធី បាន​ឲ្យ​ដឹង​ថា​កម្ពុជា​បាន​ទាក់ទាញ​រោងចក្រ​ប្រមាណ ៤៤០ ដែល​ស្ថិត​នៅ​ក្នុង​​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំង​នោះ​​ ប៉ុន្តែ​ការ​វិនិយោគ​បន្ថែម​នៅ​តែ​ត្រូវការ​ជា​ចាំបាច់។

តាម​កំណើន​សេដ្ឋកិច្ច និង ការផ្លាស់ប្ដូរ​ក្នុង​វិស័យ​ឧស្សាហកម្ម អ្នក​ជំនាញ​ផ្នែក​អចលនទ្រព្យ​ក៏​បាន​អំពាវនាវ​ឱ្យ​មាន​ការ​វិនិយោគ​បន្ថែម​ទៀត​ដែល​នឹង​គាំទ្រ​ដល់​ឧស្សាហកម្ម​នេះ។

លោក​ឧកញ៉ា​ សៀ រិទ្ធី​ប្រធាន​ក្រុមហ៊ុន WorldBridge Group បាន​ប្រាប់​អ្នក​ចូលរួម​ក្នុង​ពិព័រណ៍​អចលនទ្រព្យ​កាល​ពី​ដើម​ខែ​តុលា​ថា អ្នក​អភិវឌ្ឍ​អចលនទ្រព្យ​គួរតែ​ផ្ដោត​លើ​គម្រោង​ឧស្សាហកម្ម​ពិសេស ឃ្លាំង និង រោងចក្រ។

ដើម្បី​សម្រេច​បាន​នូវ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​បែប​នេះ កម្ពុជា​ត្រូវការ​ការ​គាំទ្រ​ពី​វិស័យ​សាធារណៈ និង ការ​វិនិយោគ​ពី​វិស័យ​ឯកជន ដើម្បី​បង្កើត​ការងារ​បង្កើន តម្លៃ​បន្ថែម​លើ​សេដ្ឋកិច្ច និង បង្កើន​ប្រាក់​ចំណូល​សម្រាប់​ប្រជាជន​កម្ពុជា៕ ​

 

- Video Advertisement -