កម្ពុជាស្នើជប៉ុនផ្តល់ជំនួយអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធ
រដ្ឋាភិបាលកម្ពុជា បានស្នើឲ្យរដ្ឋាភិបាលជប៉ុនជួយផ្តល់ជំនួយ ដើម្បីអភិវឌ្ឍគម្រោងធំៗ នៅក្នុងវិស័យដឹកជញ្ជូននៅកម្ពុជា ជាពិសេសគម្រោងហេដ្ឋារចនាសម្ព័ន្ធនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តគោលដៅមួយចំនួន។ សំណើសម្រាប់ជំនួយគម្រោងធំៗនេះ បានធ្វើឡើងនៅក្នុងជំនួបទ្វេភាគីរវាងឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក Minorikawa Nobuhide អនុរដ្ឋមន្រ្តីនៃក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន នៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម។
យោងតាមព័ត៌មានរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ភាគីទាំងពីរបានពិភាក្សាផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការផ្នែកហេដ្ឋារចនាសម្ព័ន្ពផ្លូវថ្នល់-ស្ពាន សុវត្ថិភាពចរាចរណ៍ ប្រព័ន្ធទឹកកខ្វក់ និងកំពង់ផែ។
ឯកឧត្តម ស៊ុន ចាន់ថុល បានស្នើភាគីជប៉ុនពិនិត្យលទ្ធភាពវិនិយោគរថភ្លើងទីក្រុងភ្នំពេញ ប្រភេទ AGT ដើម្បីសម្រួលការធ្វើដំណើរ និងបន្ថយការកកស្ទះចរាចរណ៍នៅទីក្រុងភ្នំពេញ។
បន្ថែមពីលើនេះ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានស្នើសុំភាគីជប៉ុនផ្តល់ជំនួយសាងសង់ប្រព័ន្ធ និងស្ថានីយចម្រោះទឹកកខ្វក់នៅខេត្តមួយចំនួន និងខេត្តជាប់សមុទ្រ ដូចជា កំពត និងកោះកុង ផងដែរ។
ឯកឧត្តមទេសរដ្ឋមន្រ្តីបានផ្តល់តម្លៃខ្ពស់ចំពោះជំនួយរបស់ភាគីជប៉ុននាពេលថ្មីៗនេះ សំរាប់សាងសង់ស្ថានីយចម្រោះទឹកកខ្វក់ និងប្រព័ន្ធគ្រប់គ្រងចរាចរណ៍ថ្មី នៅរាជធានីភ្នំពេញ។
សម្រាប់គម្រោងរថភ្លើងនៅទីក្រុងភ្នំពេញ JICA បានបញ្ចប់គម្រោងសិក្សារួចហើយ ប៉ុន្តែដោយសាររដ្ឋាភិបាលខ្វះថវិកា វិនិយោគ ដែលមានប្រមាណ៨០០លានដុល្លារ ទើបរដ្ឋាភិបាលជម្រុញឲ្យវិស័យឯកជនចូលរួមវិនិយោគលើប្រព័ន្ធផ្លូវដែកក្នុងទីក្រុងមួយនេះ។
គួរបញ្ជាក់ថា ប្រទេសជប៉ុន គឺប្រទេសផ្តល់ជំនួយធំមួយដល់កម្ពុជា។ កាលពីឆ្នាំ២០១៨កន្លងទៅ កម្ពុជា ទទួលបានហិរញ្ញប្បទានប្រមាណ ១៣៥លានដុល្លារ ក្នុងនោះជាជំនួយឥតសំណង និងជាកម្ចីដែលមានការប្រាក់ទាប ពីរដ្ឋាភិបាលជប៉ុន៕

