កម្ពុជាស្នើឱ្យធនាគារពិភពលោកជួយលើ៤ចំណុចធំៗ ដើម្បីពង្រឹងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន
កម្ពុជាស្នើឱ្យ WorldBank ជួយអនុវត្តគម្រោងយាន្តជំនិះអគ្គិសនីនៅសៀមរាប និងគម្រោងធំៗ ៣ ទៀត
រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានស្នើទៅកាន់ធនាគារពិភពលោក (WB) ឱ្យជួយផ្ដួចផ្ដើមការប្រើប្រាស់យាន្តជំនិះដើរដោយអគ្គិសនីនៅក្រុងសៀមរាប ខណៈក៏បានសុំឱ្យអង្គការពិភពលោកមួយនេះ ជួយអនុវត្តគម្រោង ៣ ផ្សេងទៀត ដើម្បីលើកកម្ពស់វិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា។
ការស្នើនេះ ធ្វើឡើងក្នុងជំនួបរវាងឯកឧត្តម ស៊ុន ចាន់ថុល និងលោកស្រី Maryam Salim នាយិកាគ្រប់គ្រងថ្មីនៃការិយាល័យធនាគារពិភពលោកប្រចាំកម្ពុជា កាលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១។
បើយោងតាមកិច្ចប្រជុំ សំណើទី១ គឺកម្ពុជាចង់ឱ្យធនាគារពិភពលោកជួយជ្រុមជ្រែងលើគម្រោងបង្កើតឱ្យមានយានជំនិះដើរដោយថាមពលអគ្គិសនី (EV ) ដើម្បីបរិស្ថានស្អាតនៅខេត្តសៀមរាប ជាពិសេសតំបន់អង្គរ នៅពេលកម្ពុជាបើកទេសចរណ៍ឡើងវិញ ក្រោយវិបត្តិកូវីដ-១៩ បានធូរស្រាល។
សំណើទី ២ គឺឯកឧត្តម ស៊ុន ចាន់ថុល ចង់ឱ្យធនាគារពិភពលោក ជួយបំពាក់ប្រព័ន្ធគ្រប់គ្រងយានយន្តដឹកជញ្ជូនលើសទម្ងន់កំណត់ដោយស្វ័យប្រវត្តិ ឬហៅថា AI Camera and Weigh-in Motion Sensor Centralized Database Solution System នៅតាមទីតាំងផ្លូវជាតិសំខាន់ៗនានា។
ខណៈសំណើទី៣ ក្រសួងចង់ឱ្យធនាគារពិភពលោកជួយផ្ដល់សាស្រ្តាចារ្យ និងអ្នកជំនាញល្អៗបន្ថែមទៀត ឱ្យមកជួយបង្រៀននិស្សិតនៅវិទ្យាស្ថាន តេជោសែន សាធារណការ។
ដោយឡែក សំណើចុងក្រោយ ឯកឧត្តមឯកឧត្តម ស៊ុន ចាន់ថុល ក៏បានសុំឱ្យធនាគារពិភពលោក ពិនិត្យលទ្ធភាពរៀបចំកម្មវិធីដោះស្រាយបញ្ហាសំខាន់ៗទាក់ទងនឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីបន្ថយគ្រោះថ្នាក់ចរាចរណ៍។
ជាការឆ្លើយតប លោកស្រី Maryam Salim បានបង្ហាញការចាប់អារម្មណ៍ ហើយបញ្ជាក់ថា ក្រុមការងារនឹងធ្វើការពិនិត្យពិចារណា និងសម្របសម្រួលចំពោះសំណើទាំងនោះ៕

