កម្ពុជាស្នើឱ្យអាមេរិកកាត់បំណុល ៧០% មកធ្វើជាជំនួយ នៅសល់សុំសងបន្តិចម្ដងៗការប្រាក់ទាបជាង១%
ក្នុងជំនួបជាមួយនឹងអនុរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោកជំទាវ Wendy R. Sherman ដែលពីម្សិលមិញនេះ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើឱ្យអាមេរិកពិចារណាឡើងវិញលើ ៣ចំណុចធំៗ ទាក់ទិននឹងការដោះស្រាយបំណុលដែលកម្ពុជាធ្លាប់ជំពាក់។
ចំណុចទាំង ៣ នោះ រួមមាន៖
ទី១) អនុញ្ញាតឱ្យកម្ពុជាសងប្រាក់បំណុលនេះតាមកម្មវិធីសងឡើងវិញបន្តិចម្ដងៗ
ទី២) សងបំណុលតាមកម្មវិធីដែលមានការប្រាក់មិនលើសពី១%
ទី៣) ស្នើឱ្យអាមេរិកបង្វែសំណងលើបំណុលចំនួន ៧០% មកធ្វើជាជំនួយដល់កម្ពុជាវិញ លើវិស័យផ្សេងៗ ដូចជាអប់រំ វិស័យវប្បធម៌ កិច្ចការដោះមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាដើម។
ជាការឆ្លើយតប លោកជំទាវ Wendy R. Sherman បានមានប្រសាសន៍ថា លោកជំទាវនឹងពាំនាំសំណើនេះទៅកាន់ឯកឧត្តមប្រធានាធិបតី Joe Biden ដើម្បីពិនិត្យពិចារណា ធ្វើយ៉ាងណាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យមានភាពស្អិតរមួតជាងមុន។
ក្នុងឱកាសនេះ លោកជំទាវ ក៏បានសម្ដែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិកកន្លងមកលើវិស័យជាច្រើនជាពិសេសលើការរុករកអដ្ឋិធាតុទាហានអាមេរិកដែលបាត់ខ្លួននៅក្នុងប្រទេសកម្ពុជា កិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម កិច្ចសហប្រតិបត្តិការលើវិស័យមនុស្សធម៌ ដូចជាអនុញ្ញាតឲ្យនាវា Wasterdam ចូលចតនៅក្នុងប្រទេសកម្ពុជា ជាដើម។

