កម្ពុជា-ជប៉ុន នឹងរួមគ្នារៀបចំវគ្គបដិសណ្ឋារកិច្ចបែបជប៉ុនដើម្បីទាញវិនិយោគលើវិស័យទេសចរណ៍

ក្រសួងទេសចរណ៍ និងសមាគមជប៉ុន-កម្ពុជា សហការបង្កើតកិច្ចសហប្រតិបត្តិការជំរុញវិស័យ​ទេសចរណ៍​ ដើម្បីឆ្លើយតបនឹងកំណើនភ្ញៀវទេសចរជប៉ុន ខណៈភាគីទាំងពីរ ក៏បានឯកភាពគ្នាថា នឹងរួមគ្នារៀបចំវគ្គបដិសណ្ឋារកិច្ចបែបជប៉ុន ដើម្បីទាញវិនិយោគលើវិស័យទេសចរណ៍ផងដែរ។

ការឯកភាពនេះ បានធ្វើឡើងក្នុងជំនួបពិភាក្សារវាងឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាមួយឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (TAKASHI Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា ​និងសហការី កាលពីសប្តាហ៍មុន។

នៅក្នុងជំនួបនោះ ភាគីទាំងពីរ បានយល់ស្រប និងឯកភាពបង្កើតកិច្ចសហប្រតិបត្តិការតាមរយៈការពិនិត្យលទ្ធភាពរៀបចំបើកវគ្គបដិសណ្ឋារកិច្ចបែបជប៉ុន ការជំរុញការទាក់ទាញវិនិយោគិនធំៗ ពីប្រទេសជប៉ុនមកវិនិយោគលើវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចនៅប្រទេសកម្ពុជា ជាពិសេសគឺការនាំវិនិយោគិនមកវិនិយោគលើការផលិតវត្ថុអនុស្សាវីរិយ៍មានគុណភាពខ្ពស់នៅប្រទេសកម្ពុជា។

ជាមួយគ្នានេះ នៅក្នុងជំនួបនោះដែរ ឯកឧត្តមប្រធានសមាគមជប៉ុន ក៏បានសន្យាដឹកនាំវិនិយោគិនជប៉ុនធំៗ មកពិនិត្យសក្តានុពលទេសចរណ៍ និងកាលានុវត្តន៍ភាពវិនិយោគនៅប្រទេសកម្ពុជា និងបន្តជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍របស់កម្ពុជាដល់ប្រជាជនជប៉ុនឱ្យបានទូលំទូលាយ ដើម្បីទាក់ទាញកំណើនភ្ញៀវទេសចរជប៉ុន និងអន្តរជាតិមកកម្ពុជា ស្របពេលដែលមានជើងហោះហើរត្រង់រវាងរាជធានីភ្នំពេញ និងរាជធានីតូក្យូ។

សូមរំឭកថា រយៈពេល ៨ខែ ឆ្នាំ២០២៥នេះ កម្ពុជាទទួលបានទេសចរអន្តរជាតិរហូតដល់ជាង ៤លាននាក់ ស្របពេលដែលទេសចរជាតិមានចំនួន ១៧,២៨លាននាក់ កើនឡើងជិត៥៣% ធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។នេះបើយោងតាមរបាយការណ៍ពីក្រសួងទេសចរណ៍ ធ្លាប់ផ្សព្វផ្សាយកាលពីពេលកន្លងទៅ៕

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង