កម្ពុជា-ថៃ ចុះ MOU ពង្រឹងសមត្ថភាពទ្វេភាគីក្នុងវិស័យភស្តុភារកម្ម

ក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា និងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រថៃ បានចុះអនុស្សារណៈយោគយល់គ្នាដើម្បីពង្រឹងវិស័យភស្តុភារកម្មសម្រាប់ប្រទេសទាំងពីឱ្យរិតតែប្រសើរឡើង ។

ពិធីចុះMOU នេះបានធ្វើឡើងកាលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ក្រោមវត្តមានរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា លោកជំទាវ កុយ សុដានី និងលោក Danucha Pichayanan អគ្គលេខាធិការNESDC។

MOU នេះធ្វើឡើងសម្រាប់កិច្ចសហប្រតិបត្តិការលើផ្នែកសំខាន់ចំនួន៣ធំៗរួមមាន៖

. កម្រិតក្របខណ្ឌគោលនយោបាយរួមមានគោលនយោបាយភស្តុភារកម្ម ក្របខណ្ឌគតិយុត្ត និងបទប្បញ្ញត្តិ ក្របខណ្ឌស្ថាប័ន យន្តការសម្របសម្រួល និងការសម្រេចចិត្តដំណើរការនៃការអនុវត្ត តាមដាន និងវាយតម្លៃគោលនយោបាយ។

. សូចនាករ និងប្រព័ន្ធផ្ទុកទិន្នន័យភស្តុភារកម្ម រួមមានថ្លៃចំណាយភស្តុភារកម្មធៀបនឹងកំណើនផលិតផលក្នុងស្រុកសរុប (Logistics Cost per GDP) និងសន្ទស្សន៍ប្រតិបត្តិការភស្តុភារកម្ម (LPI: Logistics Performance Index)

. គាំទ្រគ្នាទៅវិញទៅមកក្នុងការពង្រឹងសមត្ថភាពស្ថាប័ន និងសមត្ថភាពរបស់ភាគីពាក់ព័ន្ធក្នុងវិស័យភស្តុភារកម្ម។

ភាគីទាំងពីរបានពិភាក្សា និងចែករំលែកពីការអនុវត្តគោលនយោបាយស្តីពីការអភិវឌ្ឍវិស័យភស្តុភារកម្ម ក្នុងនោះរួមមាន៖ ការដាក់ចេញគោលនយោបាយអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងភស្តុភារកម្មជាវិស័យអាទិភាព និងចាំបាច់បំផុតក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិផងដែរ។

កន្លងមក ធនាគារពិភពលោក (WB) ធ្លាប់បានដាក់ចេញនូវអនុសាសន៍សំខាន់ៗ​មួយចំនួន ដល់កម្ពុជាក្នុង​ការកាត់​បន្ថយ​តម្លៃ​ដឹកជញ្ជូនក្នុង​រយៈ​ពេលខ្លី និងរយៈពេលវែង តាមរយៈការ​លើកកម្ពស់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច និងភស្តុភារកម្មដែលមានជំនាញច្បាស់លាស់ជាដើម៕ (អានបន្ថែម) និង (អានបន្ថែម)

 

- Video Advertisement -