កម្ពុជា និង៥ ប្រទេសទៀតបរិច្ចាគ ១៨០ លានដុល្លារបង្កើតមូលនិធិគាំទ្រគម្រោងខ្សែក្រវាត់មួយ ផ្លូវមួយ
ប្រទេសកម្ពុជា និងបណ្ដាប្រទេសចំនួន ៥ ទៀតរួមមាន ប្រទេសចិន អេហ្ស៊ីប អារ៉ាប៊ីសាអ៊ូឌីត ហុងគ្រី និងហ្វីលីពីន បានយល់ព្រមបរិច្ចាគប្រាក់ចំនួន ១៨០,២ លានដុល្លារអាមេរិក បង្កើតមូលនិធិពហុភាគី ដើម្បីគាំទ្រដល់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធក្នុងគម្រោងផ្តួចផ្តើម «ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ»។ នេះបើយោងតាមសារព័ត៌មាន China Daily នៅថ្ងៃទី ០៨ ខែកក្កដាឆ្នាំ ២០២០ ។
មូលនិធិនេះត្រូវបានបង្កើតឡើងដោយមជ្ឈមណ្ឌលសហប្រតិបត្តិការពហុភាគីសម្រាប់ហិរញ្ញវត្ថុដើម្បីអភិវឌ្ឍន៍ (Multilateral Cooperation Center for Development Finance) និងអនុម័តដោយធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដើម្បីគាំទ្រដល់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៃគម្រោងខ្សែក្រវ៉ាត់មួយ ផ្លូវមួយ។
ក្រុមប្រឹក្សាភិបាលនៃធនាគារ AIIB នឹងជាអ្នកចាត់ចែងមូលនិធិនេះ ដោយនឹងបង្កើតនូវលេខាធិការដ្ឋានមួយ ដើម្បីគាំទ្រដល់ដំណើរការរបស់គម្រោង។
បើយោងតាមប្រភពដដែល កាលពីឆ្នាំ ២០១៧ វេទិកាខ្សែក្រវ៉ាត់ និងផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ដំបូងបង្អស់ត្រូវបានធ្វើឡើង ក្នុងគោលបំណងគាំទ្រដល់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទាំងឡាយ រួមទាំងគម្រោង ដែលស្ថិតនៅក្នុង គម្រោងខ្សែក្រវ៉ាត់មួយ ផ្លូវមួយផងដែរ។
គួរបញ្ជាក់ផងដែរថា គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ នេះ គឺជាយុទ្ធសាស្ត្រអភិវឌ្ឍន៍សកល ដែលត្រូវបានអនុម័តដោយរដ្ឋាភិបាលចិនក្នុងឆ្នាំ ២០១៣ ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងវិនិយោគទៅប្រទេសជាង ៧០ ប្រទេស និងអង្គការអន្តរជាតិ។
យ៉ាងណាមិញ ទោះបីចំហាយកូវីដ-១៩ នៅមានឥទ្ធិពលនៅឡើយ គម្រោង«ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ» នៅកម្ពុជា រួមមានដូចជា គម្រោងវារីអគ្គិសនី ផ្លូវដែក ស្ពាន ផ្លូវរូងក្រោមដី ផ្លូវថ្នល់ និងការងារវិស្វកម្មសំណង់ស៊ីវិលដទៃទៀត គឺនៅតែកំពុងតែបន្តដូចធម្មតា។ (អានបន្ថែម)

