កម្ពុជា-វៀតណាម ប្រែក្លាយច្រកទ្វារព្រំដែនម៉ឺនជ័យ-តឹនណាម ទៅជាច្រកទ្វារអន្តរជាតិ

ច្រកព្រំដែនម៉ឺនជ័យ-តាន់ណាំ ត្រូវបានដំឡើងកម្រិតជាច្រកទ្វារអន្តរជាតិ ដែលជានិមិត្តរូបនៃចំណងមិត្តភាព និងសេដ្ឋកិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តម ផាម មិញជីញ នាយករដ្ឋមន្ត្រីវៀតណាម បានសម្ពោធដាក់ឱ្យដំណើរការនូវច្រកទ្វារអន្តរជាតិម៉ឺនជ័យ-តឹនណាមជាផ្លូវការហើយ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ។

នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តម ផាម មិញជីញ នាយករដ្ឋមន្ត្រីវៀតណាម បានចាត់ទុកថា ច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ-តឹនណាម ជាច្រកទ្វារតភ្ជាប់ផ្លូវសេដ្ឋកិច្ច កិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម និងជានិមិត្តរូបនៃមិត្តភាពជាប្រពៃណីដ៏មានតម្លៃ នៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម។

ការរំពឹងទុកនៃការបើកច្រកទ្វារអន្តរជាតិនេះ គឺជាការចូលរួមលើកកម្ពស់ពាណិជ្ជកម្មទ្វេភាគី។ រដ្ឋាភិបាលទាំងពីរបានកំណត់ទិសដៅប្រកបទំនុកចិត្តដើម្បីបង្កើនទំហំពាណិជ្ជកម្មប្រចាំឆ្នាំពីប្រមាណ ១០ ប៊ីលានដុល្លារ ទៅ ២០ ប៊ីលានដុល្លារក្នុងពេលឆាប់ៗខាងមុខ។ ដើម្បីសម្រេចបាននូវគោលដៅនេះ នាយករដ្ឋមន្ត្រីទាំងពីរបានប្តេជ្ញាចិត្តពង្រឹងការតភ្ជាប់សេដ្ឋកិច្ច ដោយផ្តោតលើការដាក់ចេញនូវកិច្ចសហប្រតិបត្តិក្នុងវិស័យនានា ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ការសម្របសម្រួលស្ថាប័ន និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ។ លើសពីនេះ ប្រទេសទាំងពីបានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធបង្កើតផែនការជាក់ស្តែងដើម្បីសម្រួលដល់លំហូរទំនិញ និងសេវាកម្ម ជាពិសេសផ្តោតលើវិស័យដែលមានសក្តានុពលខ្ពស់ដូចជា កសិកម្ម និងកែច្នៃកសិផល។

ក្រៅពីលើកកម្ពស់សេដ្ឋកិច្ច ចក្ខុវិស័យនេះក៏គ្របដណ្តប់លើកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយផងដែរ។ ប្រទេសទាំងពីរបានប្តេជ្ញាចិត្តពង្រឹងកិច្ចសម្របសម្រួលក្នុងការគ្រប់គ្រងព្រំដែន ការរក្សាសន្តិសុខ និងការទប់ស្កាត់បទឧក្រិដ្ឋឆ្លងដែន និងសកម្មភាពខុសច្បាប់។ ពួកគេបានបញ្ជាក់ជាថ្មីនូវគោលជំហររួមមួយគឺ មិនអនុញ្ញាតឱ្យកម្លាំងអមិត្តណាមួយប្រើប្រាស់ទឹកដីប្រទេសមួយដើម្បីប្រឆាំងនឹងប្រទេសមួយទៀតឡើយ។ ថ្នាក់ដឹកនាំទាំងពីរក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការថែរក្សាព្រំដែនរួមមួយប្រកបដោយសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព រួមទាំងការប្តេជ្ញាចិត្តពន្លឿនការចរចាលើការបោះបង្គោលព្រំដែន ១៦ ភាគរយដែលនៅសេសសល់។ ដើម្បីលើកកម្ពស់ចំណងមិត្តភាពរយៈពេលវែង វៀតណាមបានផ្តល់ការគាំទ្រដល់កម្ពុជាក្នុងការបង្កើនគុណភាពធនធានមនុស្ស រួមទាំងការបង្កើនចំនួនអាហារូបករណ៍សម្រាប់សិស្ស-និស្សិតកម្ពុជា ខណៈដែលមេដឹកនាំទាំងពីរបានអំពាវនាវឱ្យលើកកម្ពស់ប្រពៃណីសាមគ្គីភាព និងមិត្តភាព ជាពិសេសក្នុងចំណោមយុវជន។

សូមជម្រាបថា ច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ ស្ថិតក្នុងភូមិម៉ឺនជ័យ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង ទល់នឹងច្រកទ្វារព្រំដែនអន្តរជាតិតឹនណាម ស្ថិតនៅក្នុងស្រុកតឹងបៀង ខេត្តតៃនិញ ប្រទេសវៀតណាម។ ដំបូងឡើយ ច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ-តឺនណាម គ្រាន់តែជាច្រករបៀងដែលប្រជាជននៃប្រទេសទាំងពីរ រស់នៅជិតគ្នាដោះដូរទំនិញ និងកសិផលទៅវិញទៅមក ក្រោយមក នៅអំឡុងឆ្នាំ២០១០ រាជរដ្ឋាភិបាលកម្ពុជាបានប្រែក្លាយទៅជាច្រកទ្វារតំបន់ បន្ទាប់មកទៀត រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដំឡើងច្រកនេះពីច្រកទ្វារតំបន់ទៅជា “ច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ” កាលថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០១៤។

នាយករដ្ឋមន្រ្តីប្រទេសទាំងពីរ បានឱ្យដឹងថា បច្ចុប្បន្នច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ ផ្តល់ការដោះដូរពាណិជ្ជកម្មឆ្លងកាត់យ៉ាងមមាញឹក។ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មសរុប មានចំនួន ១,៣៨៤ទ្រីលានរៀល និងទទួលបានចំណូលពន្ធគយសរុបចំនួន ១៩,០៩ប៊ីលានរៀល។

ថ្មីៗ នៅក្នុងតំបន់នៃច្រកទ្វារព្រំដែនកម្ពុជា-វៀតណាម៉ឺនជ័យ ក៏មានការស្នើសុំបង្កើតផែស្ថួត និងគ្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសទៅថ្ងៃអនាគត់ផងដែរ។ (អានបន្ថែម)

គួររំឭកថា ថ្ងៃបើកសម្ពោធ គឺថ្ងៃដែលប្រទេសថៃបានបើការវាយប្រហារមកលើប្រទេសកម្ពុជាទាំងតាមផ្លូវគោក និងផ្លូវអាកាសនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃផងដែរ៕ (ព័ត៌មានបន្ថែម)

- Video Advertisement -