កម្ពុជា-វៀតណាម ឯកភាពសិក្សាភ្ជាប់កោះត្រល់នឹងតំបន់ទេសចរណ៍សំខាន់ៗ២ នៅកម្ពុជា
ប្រទេសកម្ពុជា និងប្រទេសវៀតណាម បានឯកភាពគ្នាលើការសិក្សាលទ្ធភាព ដើម្បីតភ្ជាប់កោះភូគុក (Phu Quoc) ឬកោះត្រល់ មកតំបន់ទេសចរណ៍សំខាន់ៗចំនួន ០២ នៅកម្ពុជា។ នេះបើតាមកិច្ចចុះអនុស្សរណៈរវាងកម្ពុជា និងវៀតណាម ធ្វើឡើងនាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣។
អនុស្សារណៈនេះ ត្រូវបានចុះហត្ថលេខាដោយឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា និងឯកឧត្តម ង្វៀង វ៉ាន់ហុង រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម ដើម្បីជំរុញទេសចរណ៍ឆ្ពោះការអភិវឌ្ឍប្រកបដោយចីរភាព បរិយាប័ន្ន និងមានភាពធន់ឱ្យកាន់តែប្រសើរក្រោយវិបត្តកូវីដ១៩។
មួយវិញទៀត អនុស្សារណៈនេះ ជាការធ្វើបច្ចុប្បន្នភាពលើអនុស្សរណៈយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការទេសចរណ៍ ដែលត្រូវបានចុះហត្ថលេខារវាងកម្ពុជា-វៀតណាម កាលពីឆ្នាំ២០១៥កន្លងទៅ។
ស្របតាមស្មារតីនៃអនុស្សារណៈខាងលើ ឯកឧត្តមរដ្ឋមន្ត្រីទាំងពីរ បានឯកភាពគ្នាសិក្សាពីលទ្ធភាពក្នុងការភ្ជាប់ជើងហោះហើរត្រង់រវាងគោលដៅទេសចរណ៍កម្ពុជា-វៀតណាម ជាពិសេសភូគុក (Phu Quoc) ទៅកាន់ខេត្តសៀមរាបអង្គរ ព្រមទាំងការតភ្ជាប់កំពង់ផែទេសចរណ៍កំពតទៅកំពង់ផែទេសចរណ៍ហ្វូគុកវៀតណាម ក្នុងគោលដៅបង្កើនទេសចរណ៍រវាងប្រទេសទាំងពីរ ដែលកន្លងមកប្រទេសទាំងពីរធ្លាប់លើកយកមកពិភាក្សាផងដែរ។ (អានបន្ថែម)
កន្លងមក កម្ពុជា និងវៀតណាម បានអនុម័តផែនការសកម្មភាព ៦ចំនុចរួចមកហើយ ដោយតភ្ជាប់គោលដៅទេសចរណ៍តាមរយៈផ្លូវសមុទ្រ និងកសាងកញ្ចប់ទេសចរណ៍នាវារួមគ្នា ដែលជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការច្រករបៀងទេសចរណ៍សមុទ្រខាងត្បូង ជាពិសេសផ្លូវសមុទ្រថ្មី គឺកំពង់ផែទេសចរណ៍កំពត និងកំពង់ផែទេសចរណ៍ Bai Vong។ (អានបន្ថែម)
តាមរយៈការភ្ជាប់កំពង់ផែទេសចរណ៍កំពតទៅកំពង់ផែទេសចរណ៍ភូគុក ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ធ្លាប់មានប្រសាសន៍ថា ប្រសិនបើអភិវឌ្ឍខេត្តកំពត និងកែបបានល្អ នោះកម្ពុជានឹងអាចទាក់ទាញភ្ញៀវទេសចរពីប្រទេសវៀតណាមបានយ៉ាងច្រើន តាមរយៈការតភ្ជាប់ផ្លូវធ្វើដំណើរចេញពីច្រកព្រំដែននាវាល្បឿនលឿនភ្ជាប់គោលដៅទេសចរណ៍ពីកោះត្រល់ (ហ្វូគុក) មកកំពង់ផែខេត្តកំពត និងកំពង់ផែខេត្តកែបតែម្តង។ (អានបន្ថែម)
ដោយឡែក ចំពោះការតភ្ជាប់ជើងហោះហើរត្រង់ពីកោះត្រល់ មកកាន់ខេត្តសៀមរាប ក្រសួង ក៏បាន និងកំពុងសិក្សាពីការរៀបចំកញ្ចប់ទស្សនកិច្ចទេសចរណ៍ពិសេសៗ ដើម្បីជំរុញចលនាទេសចរទៅកាន់ខេត្តសៀមរាបផងដែរ។ (អានបន្ថែម)
ក្រៅពីការចុះអនុស្សារណៈ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ ភាគីវៀតណាម ក៏បានអញ្ជើញគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ទៅទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាម ដើម្បីចុះអនុស្សរៈយោគយល់គ្នារវាងគណៈកម្មាជាតិអូឡាំពិកប្រទេសទាំង២ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមក លើការគ្រប់គ្រងសហព័ន្ធកីឡាជាតិ និងវិស័យគ្រប់គ្រងព្រឹត្តិការណ៍កីឡាផងដែរ៕
- Video Advertisement -