កម្ពុជា ស្នើADB ជួយពន្លឿនគម្រោងធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់នៅរាជធានីភ្នំពេញឱ្យបានឆាប់
ក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើទៅកាន់ធនាគាអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា(ADB) ឱ្យជួយជំរុញការជំរឿនកិច្ចការងារជ្រើសទីតាំងធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់នៅរាជធានីភ្នំពេញឱ្យបានឆាប់ ដើម្បីរកនីតិវិធីដោះស្រាយផលប៉ះពាល់រួមរបស់បងប្អូនប្រជាពលរដ្ឋ អំពីកង្វះខាតការរៀបចំបណ្ដាញលូទឹកកខ្វក់នៅក្នុងរាជធានីភ្នំពេញ។
ការស្នើរនេះត្រូវបានបង្ហាញឡើង តាមរយៈសិក្ខាសាលាស្តីពី ការគ្រប់គ្រងទឹកកខ្វក់ និងសំណល់ភក់ ក្នុងរាជធានីភ្នំពេញ កាលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ។
ក្នុងឱកាសនោះ ឯកឧត្តម ត្រាក់ ថៃសៀង រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា សិក្ខាសាលានេះ មានគោលបំណង ពិនិត្យផែនការមេលើ ប្រព័ន្ឋអនាម័យសម្រាប់ទាំងអស់គ្នាក្នុងទីក្រុងទាំងមូល (CWIS) លើការកែលម្អខ្សែសង្វាក់សេវាកម្មអនាម័យទាំងមូលដូចជាការទុកដាក់ ការបូមចេញ ការដឹកជញ្ជូន និងការធ្វើប្រព្រឹត្តិកម្ម។
ជាមួយគ្នានេះ ឯកឧត្តម បានលើកពីប្រវត្តិនៃការជ្រើសរើសទីតាំងធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងរាជធានី និងផលប៉ះពាល់រួមរបស់បងប្អូនប្រជាពលរដ្ឋ អំពីកង្វះខាតការរៀបចំបណ្ដាញលូទឹកកខ្វក់។ ឯកឧត្តម ក៏បានស្នើឱ្យលោក ថូនី ហ្កៀល (TONY Gill) នាយកធនាគាអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា ជួយជំរុញការជំរឿនកិច្ចការងារ ដើម្បីជ្រើសទីតាំងធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់នៅរាជធានីភ្នំពេញឱ្យបានឆាប់រហ័សផងដែរ។
គួរបញ្ជាក់ដែរថា គម្រោងជំរឿនកិច្ចការងារជ្រើសទីតាំងធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់នៅរាជធានីភ្នំពេញ បានចាប់ផ្តើមសិក្សានៅខែមីនា ឆ្នាំ២០២១ ហើយគ្រោងនឹងបញ្ចប់នៅខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ។គិតមកដល់បច្ចុប្បន្ននេះ គម្រោងនេះ បានបញ្ចប់ការសិក្សាវាយតម្លៃស្ថានភាពប្រព័ន្ធអនាម័យ ការសិក្សាអង្កេតតាមខ្នងផ្ទះ ការសិក្សាលទ្ធភាពជំរាបនៃស្រទាប់ដី ការសិក្សាលើប្រតិបត្តិករផ្តល់សេវាបូមលូ ការចុះអង្កេតលើការគ្រប់គ្រង និងប្រើប្រាស់បង្គន់សាធារណៈ ការចុះអង្កេតសហគ្រាសប្រើប្រាស់ទឹកច្រើន (រោងចក្រ) ការសិក្សាគុណភាពទឹក ក្នុងមូលដ្ឋានរាជធានីភ្នំពេញទាំងមូល។
ក្រៅពីការសិក្សាវាស់វែង និងធ្វើអង្កេតខាងលើ ក្រុមសិក្សាគម្រោង ក៏បានជួបប្រជុំពិគ្រោះយោបល់ជាមួយស្ថាប័នពាក់ព័ន្ធជាច្រើនដើម្បីទទួលបានធាតុផ្សំគ្រប់ជ្រុងជ្រោយសម្រាប់រៀបចំ ផែនការមេស្តីពីប្រព័ន្ធអនាម័យសម្រាប់ទាំងអស់គ្នាក្នុងទីក្រុងទាំងមូលបានល្អប្រសើរ មុននឹងដាក់ជូនស្ថាប័នអនុវត្តគម្រោងទាំងពីរគឺ ក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋបាលរាជធានីភ្នំពេញ ពិនិត្យ និងផ្តល់អនុសាសន៍បន្ថែម មុនដាក់រាជរដ្ឋាភិបាលផងដែរ៕
- Video Advertisement -