កាមេរ៉ាចាប់ល្បឿន១០ទីតាំង លើផ្លូវជាតិលេខ៣ ចាប់ផ្តើមដំណើរការប្រើប្រាស់សាកល្បងហើយ

ចាប់ពីពេលនេះតទៅ កាមេរ៉ាចាប់ល្បឿន ១០ទីតាំង លើផ្លូវជាតិលេខ៣ បានចាប់ផ្តើមប្រើប្រាស់សាកល្បងជាផ្លូវការហើយ ដើម្បីតាមដាន និងការពារសុខសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋបើកបរតាមដងផ្លូវ។ នេះបើតាមការឱ្យដឹងពីមន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

ក្នុងពេលចុះពិនិត្យវឌ្ឍនភាពការងារកាមេរ៉ាចាប់ល្បឿនកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ការដំណើរការប្រើប្រាស់កាមេរ៉ាចាប់ល្បឿននេះ ជាគម្រោងបច្ចេកវិទ្យាទំនើបដំបូងដែលប្រើលើផ្លូវជាតិលេខ៣។

«កាមេរ៉ាចាប់ល្បឿនទាំងនេះ អាចឱ្យមន្រ្តីជំនាញដឹងនូវល្បឿនរបស់រថយន្ត ពណ៌ ប្រភេទ និងផ្លាកលេខរថយន្ត អ្នកបើកបរមិនពាក់ខ្សែក្រវាត់ការពារ និងប្រើទូរសព្ទពេលបើកបរទៀតផង» ឯកឧត្តមបានបន្ត។

បច្ចុប្បន្ន កាមេរ៉ាចាប់ល្បឿនចំនួន១០ទីតាំង ត្រូវបានចាប់ផ្តើមដំឡើង ចាប់ពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ និងបានបញ្ចប់រួចរាល់កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១។

កំណាត់ផ្លូវជាតិលេខ៣ ចោមចៅ-កំពត ដែលមានប្រវែងសរុប ១៣៥ គីឡូម៉ែត្រ ក្នុងនោះពីចោមចៅ ដល់បែកគូស ជាផ្លូវ៤គន្លង មានចំនួន៤ទីតាំង និងកំណាត់ផ្លូវពីបែកគូសទៅកំពត ជាផ្លូវ២គន្លង មានចំនួន ៦ទីតាំង។

ដោយឡែក គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៣ នឹងត្រូវប្រកាសដាក់សម្ពោធប្រើប្រាស់ផ្លូវការ នៅខែមីនា ឆ្នាំ២០២២ ក្រោមអធិបតីភាពសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីព្រះរាជាណាចក្រកម្ពុជា៕

- Video Advertisement -