ការដំឡើងសូឡា PV នៅលើដំបូលអាចកាត់បន្ថយហានិភ័យនៃការប្រែប្រួលអាកាសធាតុ និងបង្កើនវិនិយោគ
សូឡា PV ឬត្រូវបានគេស្គាល់ថាការតំឡើងថាមពលពន្លឺព្រះអាទិត្យ Solar Photovoltaics នៅលើដំបូលត្រូវបានលើកឡើងថា ជាដំណោះស្រាយមួយដើម្បីកាត់បន្ថយហានិភ័យនៃការប្រែប្រួលអាកាសធាតុ និងបង្កើនការវិនិយោគបន្ថែមទៀត នេះបើតាមការលើកឡើងនៅក្នុងរបាយការណ៍ការ កាត់បន្ថយហានិភ័យវិនិយោគក្នុងវិស័យថាមពលកកើតឡើងវិញនៅប្រទេសកម្ពុជា។
កាលពីថ្ងៃទី ០៤ ខែតុលា អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (ក.ជ. អ.ច.) ទើបតែបានចេញរបាយការណ៍ចំនួនពីរដែលបានលើកឡើងអំពីការប្រែប្រួលអាកាសធាតុអាចប៉ះពាល់ដល់វិស័យសេដ្ឋកិច្ច នៅកម្ពុជា។ របាយការណ៍ទាំងពីរនោះ រួមមានទី១- ដំណោះស្រាយផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុលើកំណើនសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា និងទី២- ការកាត់បន្ថយហានិភ័យវិនិយោគក្នុងវិស័យថាមពលកកើតឡើងវិញនៅប្រទេសកម្ពុជា។
ឯកឧត្តម នេត្រភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថានបានមានប្រសាសន៍ថា ថាមពលពន្លឺព្រះអាទិត្យដែលដំឡើងនៅលើដំបូលត្រូវបានលើកឡើងនៅក្នុងរបាយការណ៍របស់ DREI ដើម្បីបង្កើនការវិនិយោគធំៗ។
ដំបូលសូឡា PV នៅប្រទេសកម្ពុជា ត្រូវបានគ្រោងនឹងបែងចែកជាផ្នែក ពោលគឺពាណិជ្ជកម្មនិងឧស្សាហកម្ម ដើម្បីបំពេញតាមគោលដៅរបស់អ្នកវិនិយោគ។
របាយការណ៍ដដែលរបស់ DREI បានបង្ហាញថា ឱកាសវិនិយោគជាង ៩០០ លានដុល្លារអាមេរិកមានទៅលើសូឡា PV។ បើនិយាយពីប្រទេសកម្ពុជាវិញ កម្ពុជាមានសក្តានុពលទាក់ទាញការវិនិយោគវិស័យឯកជនលើសូឡា PV មានទឹកប្រាក់ប្រមាណជា ៩០៣ លានដុល្លារអាមេរិក។

