ការដ្ឋានជួសជុលកំណាត់ផ្លូវជាតិលេខ ៧៦A ក្នុងខេត្តមណ្ឌលគិរី ចាប់ផ្តើមដំណើរការហើយ
កំណាត់ផ្លូវជាតិលេខ៧៦A ក្នុងភូមិសាស្រ្តស្រុកកែវសីមាដែលរងការខូចខាតខ្លាំង ត្រូវបានអាជ្ញាធរខេត្តមណ្ឌលគីរី បើកការដ្ឋានជួសជុលជាផ្លូវការហើយ កាលពីរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១។
ការដ្ឋានជួសជុលនេះមានប្រវែង ៤ ៣៨០ ម៉ែត្រ គឺពីចន្លោះគីឡូម៉ែត្រលេខ ៦៧+៥០០ ដល់ ៧១+៨៨០។ ដោយសារតែផ្លូវមានការខូចខាតធ្ងន់ធ្ងរ ទើបមន្ទីរសម្រេចជួសជុលឡើងវិញ១០០% ព្រោះស្ថានភាពផ្លូវចាស់មានសភាពប៉ោងស្រុតរមួល ដែលមិនអាចថែទាំជាប្រចាំបាន។
បើយោងតាម លោក រស់ គីមធន ប្រធានមន្ទីរសារធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី ការជួសជុលនេះទៀតសោត នឹងប្រើថវិកាថែទាំប្រចាំឆ្នាំ ២០២១។
ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានឱ្យដឹងថា ការជួសជុលកំណាត់ផ្លូវជាតិលេខ៧៦Aនេះ គឺដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ដឹកជញ្ជូនកសិផល និងទំនិញផ្សេងៗ។
គួរបញ្ជាក់ផងដែរថា ផ្លូវជាតិលេខ ៧៦Aនេះ គឺជាសសៃឈាមសេដ្ឋកិច្ចដ៏សំខាន់បំផុតរបស់ខេត្តមណ្ឌលគិរី ដែលបានដាក់ឱ្យប្រើប្រាស់តាំងេពីឆ្នាំ ២០១២ មកម្ល៉េះ។ កន្លងមក កំណាត់ផ្លូវនេះបានរងការខូចខាតជាច្រើន ប៉ុន្តែមន្ទីរសាធារណការ និងដឹកជញ្ចូនខេត្ត ក៏បានធ្វើការជួសជុលជាបន្តបន្ទាប់ផងដែរ។

