ការព្រាងអនុក្រឹត្យដើម្បីចាត់ការធ្ងន់លើបទល្មើសស៊ីចំណីផ្លូវឈានទៅមុខមួយជំហានទៀតហើយ
ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានបើកកិច្ចប្រជុំជាថ្មីម្ដងទៀត ពន្លឿនរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងដីចំណីផ្លូវនៅតាមបណ្តាញផ្លូវថ្នល់ និងផ្លូវរថភ្លើង ឱ្យបញ្ចប់តាមការគ្រោងទុក។ នេះសឱ្យឃើញពីវិវឌ្ឍនភាពទៅមុនមួយជំហានទៀតហើយ សម្រាប់វិធានការណ៍បង្ក្រាបបទល្មើសរំលោភសម្បត្តិរដ្ឋ។
កិច្ចប្រជុំត្រូវបានធ្វើឡើងកាលពីថ្ងៃទី ១១ ខែមិថុនា ក្រោមការដឹកនាំរបស់ឯកឧត្តមរដ្ឋលេខាធិការ លឹម ស៊ីដេនីន ដោយផ្ដោតលើការពិភាក្សា និងផ្តល់ធាតុចូល ដើម្បីឱ្យសេចក្តីព្រាងមានលក្ខណៈគ្រប់ជ្រុងជ្រោយ។
លើសពីនេះ កិច្ចប្រជុំក៏ពិចារណាចង់បង្កើត ក្រុមការងារអន្តរក្រសួងមកពន្លឿននិងអនុវត្តការងារនេះផងដែរ។
គួរបញ្ជាក់ផងដែរថា អនុក្រឹត្យនេះមានគោលបំណង ដើម្បីលុបបំបាត់ការទន្ទ្រានយកដីចំណីផ្លូវទៅធ្វើសំណង់ផ្ទាល់ខ្លួន ក៏ដូចជាជួយកាត់បន្ថយឧបសគ្គនានាដែលរាំងស្ទះដល់ការអភិវឌ្ឍផ្លូវ។
អនុក្រឹត្យនេះ នឹងជួយឱ្យសមត្ថកិច្ចពាក់ព័ន្ធងាយស្រួលក្នុងការដោះស្រាយផលប៉ះពាល់ដល់ប្រជាជន ក្នុងករណីរដ្ឋមានគម្រោងស្ដារហេដ្ឋារចនាសម្ព័ន្ធណាមួយផងដែរ។ (អានបន្ថែម)

