កំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូង សម្រេចការសាងសង់បាន៨០ភាគរយហើយ

កំណាត់ផ្លូវជាតិលេខ៥ភាគខាងត្បូង (ព្រែកក្តាម-ធ្លាម្អម) សម្រេចការសាងសង់បាន ៨០ភាគរយ និងគ្រោងបញ្ចប់នៅចុងឆ្នាំ២០២៣ នេះ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ចុះពិនិត្យ វឌ្ឍនភាពការងារសាងសង់គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូង (ព្រែកក្តាម -ធ្លាម្អម) ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង អាជ្ញាធរដែនដី តំណាងក្រុមហ៊ុនសាងសង់ តំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស មន្ត្រីជំនាញ និងភាគីពាក់ព័ន្ធ។

គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូងនេះមានប្រវែង ១៣៥,២៥ គីឡូម៉ែត្រ ត្រូវបានបែងចែកជាបីកញ្ចប់ការងារ ចាប់ផ្តើមសាងសង់ចាប់ពីព្រែកក្តាម (ខេត្តកណ្តាល) ដល់ ធ្លាម្អម (ខេត្តពោធិ៍សាត់ គ្រោងចំណាយថវិកាប្រមាណ ២៤៦,៣៥ លានដុល្លារ អាមេរិក។

គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូងនេះ បានបើកការដ្ឋានសាងសង់នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ គ្រោងចំណាយពេលសាងសង់ចំនួន៤៨ខែ។ (អានបន្ថែម)

សូមជម្រាបជូនថា គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥ មានប្រវែងសរុបចំនួន ៣៦៦គីឡូម៉ែត្រ ជាគម្រោងក្រោមកម្ចីឥណទាន សម្បទានពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា គ្រោងចំណាយថវិកាប្រមាណ ៥០០លានដុល្លារសហរដ្ឋអាមេរិក ការងារស្ថាបនាត្រូវបានបែងចែកជាបីផ្នែកធំៗរួមមាន៖ ភាគខាងជើង ភាគខាងត្បូង និងភាគកណ្តាល។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការស្វែងរកថវិកា ទាំងប្រាក់កម្ចី ទាំងថវិកាជាតិ និងជំនួយឥតសំណងមក កសាងប្រព័ន្ធផ្លូវថ្នល់ ដើម្បីធ្វើយ៉ាងណាឱ្យប្រព័ន្ធភស្តុភារកម្ម និងការដឹកជញ្ជូនមានតម្លៃថោក អាចប្រកួតប្រជែងជាមួយប្រទេសជិតខាង និងអាចអនុញ្ញាតឱ្យរាជរដ្ឋាភិបាលទាក់ទាញវិនិយោគិនមកដាក់ទុននៅកម្ពុជា បង្កើតការងារជូនបងប្អូនប្រជាពលរដ្ឋធ្វើ។

គួរបញ្ជាក់ផងដែរថា កំណាត់ផ្លូវជាតិលេខ ៥នេះ ត្រូវបានបែងចែកជាបីកំណាត់ ដោយកំណាត់ពីបាត់ដំបង់-សិរីសោភ័ណ បានបញ្ចប់ជាស្ថាពរ និងដាក់សម្ពោធដាក់ឱ្យប្រើប្រាស់ក្នុងខែកញ្ញា ឆ្នាំ២០២១៕ (អានបន្ថែម)

- Video Advertisement -