ក្រសួងកំពុងជរុញចេញសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតសួនវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

​ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ កំពុងពន្លឿនរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពី ការបង្កើត និងគ្រប់គ្រងសួនវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីទាក់ទាញក្រុមហ៊ុនបច្ចេកវិទ្យា​ឱ្យមកវិនិយោគ ។​

ក្រសួងបានបើកកិច្ចប្រជុំកម្រិតបច្ចេកទេសអន្តរក្រសួង-ស្ថាប័ន សាកលវិទ្យាល័យ និងវិស័យឯកជនដើម្បីពិនិត្យ កែសម្រួល និងផ្តល់ធាតុចូលលើសេចក្តីព្រាងអនុក្រឹត្យស្តីពី ការបង្កើត និងគ្រប់គ្រងសួនវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។

ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងកាលពីថ្ងៃទី២៨ ខែកក្កដានេះថា ការបង្កើត និងគ្រប់គ្រងសួនវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងចូលរួមចំណែកទាក់ទាញវិនិយោគិន ធុរជន និងបុគ្គលមានគំនិតបង្កើតថ្មី និងនវានុវត្តន៍ថ្មីៗ ដើម្បីចូលរួមបណ្តាក់ទុន និងសិក្សាស្រាវជ្រាវនៅកម្ពុជា។

ឯកឧត្តម លើកឡើងថា តាមរយៈការចូលមកវិនិយោគក្នុងសួននេះ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ត្រូវបានរំពឹងថានឹងអាចផ្ទេរបច្ចេកវិទ្យា និងវិទ្យាសាស្រ្តក្នុងស្រុក។

ឯកឧត្តម ហេង សុខគង់ ថ្លែងថា៖ “សួនវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ផ្តោតសំខាន់ទៅលើ ការធ្វើ Research and Development, Prototype រៀបចំសម្រាប់ការលើកទឹកចិត្តសម្រាប់អ្នកមានគំនិតនវានុវត្តន៍ ដូចជា Science Museum និងគិតគូដល់ការធ្វើ Artificial Intelligence Big Data ឬក៏ Robotics”។​

តាមផែនការ រាជរដ្ឋាភិបាល គ្រោងនឹងបង្កើតសួនវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ឱ្យបានយ៉ាងតិច ៣កន្លែងត្រឹមឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ។

- Video Advertisement -