ក្រសួងកំពុងពន្លឿនការងារត្រៀមបើកការដ្ឋានផ្លូវភ្ជាប់ទីរួមខេត្តកំពតទៅទល់ដែនវៀតណាម

ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ បានកំពុងពន្លឿនពិនិត្យ និងវាយតម្លៃបន្ថែមលើគម្រោងស្ដារផ្លូវជាតិលេខ៣៣ តភ្ជាប់ទីរួមខេត្តកំពតទៅទល់ដែនវៀតណាមព្រែកចាក ដើម្បីឈានទៅការបើកការដ្ឋានឆាប់ៗ។ នេះបើយោងតាមកិច្ចប្រជុំអន្តរស្ថាប័នកាលថ្ងៃទី២០ ខែសីហា កន្លងទៅ។

រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ប៉ាល់ ចន្ទតារា បានឲ្យដឹងថា ការពិនិត្យ និងវាយតម្លៃបន្ថែមនេះ គឺដើម្បីធានាថាផ្លូវនេះនឹងសាងសង់ដោយមានស្ដង់ដារ និងគុណភាពខ្ពស់។

កាលពីដើមខែកក្កដា ក្រុមកាងារក៏បានចុះពិនិត្យផ្លូវផ្ទាល់ ហើយគ្រោងនឹងសាងសង់ស្ពានឆ្លងកាត់ផ្លូវត្រង់ចំណុចមុខសាកលវិទ្យាល័យខេត្តកែបផងដែរ ដែលជាផែនការនៅក្រៅកិច្ចសន្យាគម្រោង។

គួរបញ្ជាក់ថា ការសិក្សាបឋមសម្រាប់គម្រោងលើកកម្ពស់ផ្លូវជាតិលេខ៣៣ នេះ បានបញ្ចប់ និងបានដាក់ជូនអន្តរក្រសួងពិនិត្យ និងវាយតម្លៃហើយ។ តាមផែនការ គម្រោងនេះ មានប្រវែងសរុប ៥២គីឡូម៉ែត្រ ចាប់ពីចំណុចម្ដុំផ្សារកំពត ទៅព្រំដែនលក (ឬព្រំដែនកម្ពុជាវៀតណាមព្រែកចាក)។

ក្រុមហ៊ុនទទួលសិទ្ធិសិក្សាគម្រោងនេះ គឺ China Road and Bridge Corporation ហើយក្រុមហ៊ុនផ្តល់ប្រឹក្សាគឺ Sawac Consultants (Cambodia) Co Ltd ដោយជ្រើសយកកម្រិតស្តង់ដារបច្ចេកទេសចិនកម្រិតII (Grade II)។

ការសាងសង់គម្រោងត្រូវការរយៈពេលសរុប ២៤ខែ ជាគម្រោងក្រោមការគ្រប់គ្រងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមកម្ចីហិរញ្ញប្បទាននៃប្រទេសចិន៕ (អានបន្ថែម)

 

- Video Advertisement -