ក្រសួងចាប់ផ្តើមសិក្សាគម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ៧ ស្គន់-កំពង់ចាម ទៅបួនគន្លង
ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញគម្រោងសិក្សាពង្រីកកំណត់ផ្លូវជាតិ លេខ៧ ពីចំណុចរង្វង់មូលស្គន់ ទៅទីរួមខេត្តកំពង់ចាម ពីពីរគន្លងក្នុងពេលបច្ចុប្បន្ន ទៅបួនគន្លង ដើម្បីឆ្លើយតប និងសម្រួលដល់ការដឹកជញ្ជូន។
ការប្រកាសសិក្សាគម្រោងពង្រីកកំណាត់ផ្លូវនេះ ធ្វើឡើងបន្ទាប់ពីគណៈប្រតិភូ ក្រសួង ដឹកនាំដោយ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ចុះត្រួតពិនិត្យស្ថានភាពផ្លូវជាតិ លេខ៧កាលពីថ្ងៃទី១០ ខែមិថុនា កន្លងទៅនេះ។
ឯកឧត្តមរដ្ឋមន្រ្តី លើកឡើងថា ក្រសួងកំពុងសិក្សាពង្រីក ផ្លូវជាតិលេខ៧ ពីវង្វងមូលស្គន់ ទៅខេត្តកំពង់ចាមពី ពីគន្លងទៅបួនគន្លង មុនដាក់ស្នើសុំគោលការណ៍ពីរាជរដ្ឋាភិបាល។
កំណត់ផ្លូវជាតិលេខ៧ ពីចំណុចរង្វង់មូលផ្សារស្គន់ ទៅទីរួមខេត្តកំពង់ចាម មានប្រវែងប្រមាណ ៤៦គីឡូ។
ឯកឧត្តម វ៉ាស៊ីម សុរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ទស្សនាវដ្តី សំណង់ និងអចលនទ្រព្យ នៅថ្ងៃទី១១នេះថា គម្រោងពង្រីកកំណត់ផ្លូវជាតិលេខ៧ ជាគម្រោងមួយនៃការធ្វើឲ្យប្រសើរឡើងផ្លូវ ជាតិលេខ៧ ពីកំចាមរហូតដល់ ក្រចេះ និងស្ទឹងត្រែង។
លោកថ្លែងថា៖ “រដ្ឋាភិបាលមានបំណងពង្រីកយូរហើយ តែដោយសារយើងផ្តោតទៅលើផ្លូវអាទិភាពមុន ណាមួយផ្លូវចូលខេត្តកំពង់ចាម មានច្រើនផ្លូវ។ ប៉ុន្តែពេលនេះ ក្រសួងចាប់ផ្តើមធ្វើសិក្សាពង្រីកកំណាត់ផ្លូវនោះដើម្បីសម្រួលការធ្វើដំំណើររបស់បងប្អូនប្រជាពលរដ្ឋ និងការដឹកជញ្ជូនទំនិញចេញចូល”។
បើតាមលោក វ៉ាស៊ីម សុរិយា ពង្រីកផ្លូវទៅបួនគន្លង អាចនឹងចំណាយថវិកាសាងសង ពី ១លាន ទៅ២លានដុល្លារ ក្នុងប្រវែង១គីឡូម៉ែត្រ។
លោក ស៊ិន ចន្ធី ប្រធានសមាគមឡូជីស្ទីកកម្ពុជា បានប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ នៅថ្ងៃទីព្រហស្បតិ៍នេះថា លោកសង្កេតឃើញថា រដ្ឋាភិបាល តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន បានពង្រីកជាបន្តបន្ទាប់ ផ្លូវជាតិ ដែលនឹងចូលរួមសម្រួលដល់ការដឹកជញ្ជូន ដឹកទំនិញពីខេត្តមួយទៅខេត្តមួយ ឬនាំចេញ ប្រសើរឡើង។
លោក ស៊ិន ចន្ធី ថ្លែងថា៖ “ការពង្រីកផ្លូវជារឿងល្អដល់ការដឹកជញ្ជូន ព្រោះការដឹកជញ្ជូនកើន តែផ្លូវយើងរាល់ថ្ងៃពិបាករត់ ប្រើរយៈពេលយូរ។ យើងគាំទ្រឲ្យមានការពង្រីកផ្លូវ កសាងហេដ្ឋារចនាសម្ព័ន្ធ ឲ្យមានគុណភាព”។
បើតាមលោកសូរិយាក្រសួងកំពុងផ្តល់អាទិភាពក្នុងការពង្រីកផ្លូវចាប់ពី ២ ខ្សែទៅ ៤ គន្លងនៅតាមតំបន់នានានៃទីក្រុងនៃខេត្តនីមួយៗតាមដំណាក់កាលនីមួយៗដោយផ្អែកលើគោលការណ៍អាទិភាពជាមូលដ្ឋានក្នុងការសម្រេចចិត្តជ្រើសរើសគម្រោង៕

