ក្រសួងចេញគោលការណ៍សំខាន់ៗ៤ ដើម្បីជំរុញហេដ្ឋារចនាសម្ព័ន្ធកសិកម្មឌីជីថល ២០២២-២០៣០
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់ចេញគោលនយោបាយចំនួន៤ ចំណុចសំខាន់ ដើម្បីចូលរួមអនុវត្តគោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២២-២០៣០ និងប្រែក្លាយទៅជាកសិកម្មមានលក្ខណៈទំនើប ប្រកួតប្រជែង បរិយាប័ន្ន និងមានលក្ខណៈធន់នឹងអាកាសធាតុ។
នេះបើតាមការលើកឡើងនូវប្រសាសន៍ ឯកឧត្តម ស្រី វុឌ្ឍី អគ្គលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងសន្និសីទស្តីពីសមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំ នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២។
គោលនយោបាយសំខាន់ៗទាំង ៤ចំណុចរួមមាន៖
ទី១៖ ការលើក កម្ពស់ខ្សែច្រវាក់ផលិតកម្មកសិកម្ម ប្រកបដោយភាពប្រកួតប្រជែង
ទី២៖ បង្កើនការគាំទ្រហេដ្ឋារចនាសម្ព័ន្ធកសិកម្ម និងការសម្រួលកសិ-ពាណិជ្ជកម្ម
ទី៣៖ បង្កើនការគ្រប់គ្រងធនធានដីកសិកម្ម ព្រៃឈើ និងជលផល ប្រកបដោយនិរន្តរភាព
ទី៤៖ ពង្រឹងអភិបាលកិច្ច និងអភិវឌ្ឍធនធានមនុស្សក្នុងវិស័យកសិកម្ម ដើម្បីជំរុញកំណើនកសិកម្មប្រកបដោយភាពប្រកួតប្រជែង និងបរិយាប័ន្ន ដោយផ្តល់នូវផលិតផលមានគុណភាពខ្ពស់ សុវត្ថិភាព និងអាហារូបត្ថម្ភ ដោយត្រូវគិតគូរខ្ពស់ដល់ការគ្រប់គ្រងដីធ្លី ទឹក ធនធានព្រៃឈើ និងជលផលប្រកបដោយនិរន្តរភាព។
នៅក្នុងសន្និសីទនេះ ឯករដ្ឋលេខាធិការ បានបន្ថែមថា ក្រសួងក៏បានជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការអភិវឌ្ឍខ្សែច្រវាក់តម្លៃកសិកម្ម ការធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពចូលទៅកាន់ទីផ្សារសម្រាប់កសិករខ្នាតតូច និងមធ្យម បង្កើនផលិតភាពនៃការស្រោចស្រពកសិកម្ម ពង្រឹកការភ្ជាប់ផ្លូវចូលទៅកសិដ្ឋាន-បណ្តាញអគ្គិសនី និងការដឹកជញ្ជូនផលិតផលកសិកម្មជាដើម។

