ក្រសួងដែនដីស្នើជំនួយពីជប៉ុន ៤ចំណុចធំៗដើម្បីជំរុញវិស័យដីធ្លីនិងសំណង់កម្ពុជា
ក្នុងវេទិការដ្ឋ-ឯកជនលើកទី២ ស្តីពី “ការអភិវឌ្ឍនគរូបនីយកម្មកម្ពុជា-ជប៉ុន” កាលពីថ្ងៃទី ១៦ ខែកុម្ភៈ នេះ ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានស្នើឱ្យភាគីជប៉ុនផ្ដល់ជំនួយលើ ៤ ចំណុចធំៗ ដើម្បីជួយជំរុញការអភិវឌ្ឍន៍វិស័យសំណង់ រៀបចំដែនដី នគរូបនីយកម្ម និងលំនៅដ្ឋាននៅកម្ពុជា។
សំណើទី ១ គឺសម្រាប់វិស័យសំណង់ ដោយឯកឧត្តម ជា សុផារ៉ា បានស្នើដល់ជប៉ុនឱ្យជំរុញការអនុវត្តច្បាប់ស្តីពីសំណង់ និងវិធីសាស្រ្តធានាសុវត្ថិភាពសំណង់ និងការដាក់ឱ្យដំណើរការមន្ទីរពិសោធន៍ជាតិស្តីពីសំណង់។
សំណូមពរទី២ ឯកឧត្តមបានស្នើឱ្យជប៉ុនជួយជំរុញកិច្ចសហការគាំទ្រលើការកសាងផែនការរៀបចំដែនដីថ្នាក់ជាតិ និងបន្តគាំទ្រគម្រោងអភិវឌ្ឍទីក្រុងឆ្លាតវៃនៅរាជធានីភ្នំពេញ។
ដោយឡែក សំណើទី៣ ឯកឧត្តម បានស្នើឱ្យជប៉ុនបន្តជំរុញកិច្ចសហការរៀបចំគោលនយោបាយ ច្បាប់ បច្ចេកទេស និងវិធីសាស្រ្តនៃការអភិវឌ្ឍលំនៅឋាននៅកម្ពុជាឱ្យកាន់តែ ប្រសើរជាងមុន។
ចុងក្រោយ ក្នុងវិស័យសុរិយោដីនិងភូមិសាស្ត្រ ឯកឧត្តមបានស្នើទៅជប៉ុនឱ្យបន្តគាំទ្រដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទិន្នន័យភូមិសាស្រ្តជាតិនៅព្រះរាជាណាចក្រកម្ពុជា ឬ National Spatial Data Infrastructure។
ឯកឧត្តម AKABA Kazuyoshi រដ្ឋមន្ត្រីក្រសួងដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ នៃប្រទេសជប៉ុន បានលើកឡើងថា ដើម្បីចូលរួមចំណែកអភិវឌ្ឍទីក្រុងនិងដោះស្រាយបញ្ហា ប្រទេសជប៉ុនសង្ឃឹមថានឹងអាចចែករំលែកបទពិសោធន៍ទាំងផ្នែកច្បាប់ និងផ្នែកបច្ចេកទេសផងដែរ៕

