ក្រសួងនឹងបើកយុទ្ធនាការបណ្តុះបណ្តាលមន្រ្តីពីការប្រើប្រាស់ប្រព័ន្ធ Port EDI ថ្មី នៅខែវិច្ឆិកា
ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងចាប់ផ្តើមយុទ្ធនាការបណ្តុះបណ្តាលមន្ត្រីអំពីរបៀបប្រើប្រាស់ប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យអេឡិចត្រូនិកនៅកំពង់ផែថ្មី ឬPort EDI នៅពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ។
ឯកឧត្ដម រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថាក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២៨ ខែកញ្ញា កន្លងទៅថា ការបណ្តុះបណ្តាល Port EDI វគ្គដំបូងនេះ នឹងធ្វើឡើងសម្រាប់មន្ត្រីគយ និងរដ្ឋាករ មន្ត្រីកំពង់ផែ និងមន្ត្រីសមត្ថកិច្ចពាក់ព័ន្ធផ្សេងៗទៀត។
«ក្រោយត្រូវបានអភិវឌ្ឍ និងដំឡើងរួចរាល់ ប្រព័ន្ធ Port EDI នេះ នឹងត្រូវដាក់ឱ្យដំណើរការដោយអនុក្រឹត្យមួយ ពោលគឺមិនមែនដំឡើងរួច ហើយដំណើរការតែម្ដងនោះទេ ព្រោះមានលក្ខខណ្ឌពាក់ព័ន្ធជាច្រើន» ឯកឧត្ដមបានបន្ត។
គួរបញ្ជាក់ថា ប្រព័ន្ធ Port EDI គឺជាការធ្វើទំនើបកម្មទ្រង់ទ្រាយធំលើការត្រួតពិនិត្យនាវាចរណ៍ចេញ-ចូលនៅកម្ពុជា ដោយប្តូរការធ្វើការដោយដៃ មកធ្វើការលើប្រព័ន្ធអនឡាញវិញ។
បច្ចុប្បន្នរាល់ការធ្វើបែបបទនាវាចរណ៍ ចេញ-ចូល គឺត្រូវចំណាយពេលរង់ចាំយូរ មានការលំបាក និងនីតិវិធីស្មុគស្មាញ។ ប៉ុន្តែនៅពេលប្រព័ន្ធ Port EDI នេះដំណើរការ វានឹងជួយសម្រួលដល់ការធ្វើបែបបទឱ្យងាយស្រួលជាងមុន ចំណេញពេលវេលា មានប្រសិទ្ធភាព និងតម្លាភាពផងដែរ។

