ក្រសួងបរិស្ថាន កំពុងជំរុញបង្កើតគោលដៅលំហែបៃតងនៅឧទ្យានជាតិព្រះសុរាម្រឹតកុសុមៈ«គីរីរម្យ» និងនៅឧទ្យានជាតិ«ភ្នំគូលែន»

ថ្មីៗនេះ ក្រសួងបរិស្ថាន បាននិងកំពុងជំរុញបង្កើតរបៀងគោលដៅលំហែបៃតង នៅឧទ្យានជាតិព្រះសុរាម្រឹតកុសុមៈ«គីរីរម្យ» ក្នុងខេត្តកំពង់ស្ពឺ និងមួយកន្លែងទៀតស្ថិតនៅតំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម«ភ្នំគូលែន» ក្នុងខេត្តសៀមរាប ដើម្បីលើកកម្ពស់ជីវភាពសហគមន៍ និងសំដៅដល់ការកាត់បន្ថយការដាក់សម្ពាធលើធនធានធម្មជាតិ។

នេះបើយោងតាមការលើកឡើងរបស់ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងកិច្ចប្រជុំស្តីពីការអភិវឌ្ឍគោលដៅលំហែបៃតង នៅថ្ងៃទី១៨ មេសា និងពេលចុះពិនិត្យទីតាំងគម្រោងនៅថ្ងៃទី២១ ខែមេសា ២០២៤។

បើតាមការបញ្ជាក់របស់ឯកឧត្តមរដ្ឋមន្រ្តី គម្រោងនៅក្នុងឧទ្យានជាតិព្រះសុរាម្រឹតកុសុមៈ«គីរីរម្យ» ត្រូវបានរៀបចំឡើងដើម្បីផ្សព្វផ្សាយ ពីមាគ៌ាព្រះពុទ្ធសាសនា វប្បធម៌ និងបង្ហាញអំពីធនធានធម្មជាតិ ផ្សារភ្ជាប់នឹងជីវិតប្រចាំថ្ងៃ ដែលប្រកបដោយធម៌សន្តោស កសាងសន្តិភាពផ្លូវចិត្តឱ្យរឹងមាំ ដែលនេះក៏ជាយុទ្ធសាស្រ្តចម្បងមួយរបស់ក្រសួងបរិស្ថាន កើតចេញពីការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបានផ្តោតលើមុំយុទ្ធសាស្ត្រចំនួន៣ គឺស្អាត បៃតង និងចីរភាព។

រីឯការបង្កើតរបៀងគោលដៅលំហែបៃតងនៅឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម«ភ្នំគូលែន» គឺផ្តោតសំខាន់ទៅលើការរៀបចំសម្បទាទេសចរណ៍ ដូចជា៖ ការសាសង់កន្លែងបោះតង់ស្នាក់នៅតាមរចនាបថខ្មែរ ការរៀបចំផ្លូវគោលដៅដើរកម្សាន្ត ភ្ជាប់ពីសហគមន៍មួយទៅសហគមន៍មួយទៀត ដោយថ្មើរជើង ឬអាចជិះកង់កម្សាន្ត ហើយសហគមន៍នីមួយៗ អាចផ្តល់សេវាកម្មទេសចរណ៍ (ការដឹកជញ្ជូន ម្ហូបអាហារ មគ្គុទេសក៏សហគមន៍ ជាដើម)។

គួរបញ្ជាក់ថា បច្ចុប្បន្នឧទ្យានជាតិ ព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» មានកន្លែងកម្សាន្តជាច្រើនដូចជា៖ ទឹកជ្រោះ ប្រាសាទបុរាណ បុរាណស្ថាន និងពើងធម្មជាតិ សរុបចំនួន៨៥កន្លែង។

លើសពីនេះ ក្រសួងបរិស្ថានក៏បានរៀបចំសហគមន៍តំបន់ការពារធម្មជាតិសរុបចំនួន៥ រួមមាន៖ សហគមន៍តំបន់ការពារធម្មជាតិព្រៃធំអន្លង់ធំ សហគមន៍តំបន់ការពារធម្មជាតិព្រៃធំពពេល សហគមន៍តំបន់ការពារធម្មជាតិព្រៃភ្នំក្តួច សហគមន៍តំបន់ការពារធម្មជាតិព្រៃភ្នំម្នាស់ និងសហគមន៍តំបន់ការពារធម្មជាតិជប់តាសុខ នៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» នេះផងដែរ ។

គួររំលឹកថា កន្លងមកក្រសួងបរិស្ថានក៏បានបង្កើតស្នាក់ការឧទ្យានុរក្ស  ផ្ទះស្នាក់កេសរកូល  និងហេដ្ឋារចនាសម្ពន្ធ័នានា លើផ្ទៃដី ១០ហិកតា ស្ថិតនៅក្នុងឧទ្យានជាតិព្រះជ័យវរ្មន័ភ្នំគូលែននេះផងដែរ។ (អានបន្ថែម)

គិតត្រឹមឆ្នាំ២០២០ ប្រទេសកម្ពុជា មានតំបន់ការពារធម្មជាតិចំនួន ៥៧ កន្លែង និងរបៀងអភិរក្សចម្រុះចំនួន ០៣តំបន់ (​ឥសាន ឧត្តរ និងជួរភ្នំក្រវាញ)​ លាតសន្ធឹងលើផ្ទៃដីសរុប​ប្រមាណជាង ៧,២ លានហិកតា ស្មើនឹង ៤១% នៅទូទាំងផ្ទៃប្រទេស។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ វិស័យទេសចរណ៍កម្ពុជា ទទួលបានទុនវិនិយោគរហូតដល់ជាង ៧១០លានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ កម្ពុជាទទួលបានគម្រោងវិនិយោគ […]

ឥណ្ឌាប្តេជ្ញាជួយជំរុញទេសចរណ៍កម្ពុជា និងពង្រីកការតភ្ជាប់ជើងហោះហើរត្រង់ទៅកាន់ខេត្តសៀមរាប

កុងស៊ុលកិត្តិយសប្រចាំទីក្រុង Bengaluru ផ្តោតលើភាពជាដៃគូ […]

ការប្រែក្លាយមុខមាត់ថ្មីនៃភ្នំខ្នងផ្សារ៖ គម្រោងអភិវឌ្ឍន៍លម្ហែបៃតងសម្រេចបានលទ្ធផល ១០០ ភាគរយ

វិស័យទេសចរណ៍ប្រកបដោយចីរភាពនៅកម្ពុជាបានបានសម្រេចនូវសមិទ្ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]