ក្រសួងប្តេជ្ញាចិត្តដ៏ម៉ុតមាំថា៖ ធ្វើការសាងសង់ផ្លូវត្រូវត្រួតពិនិត្យឱ្យបានដិតដល់ដើម្បីគុណភាពជាចម្បង

ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពផ្លូវលេខ១៤៦បេ និង១៤៨ នៅថ្ងៃទី២០ ខែកក្កដា ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្តេជ្ញាចិត្តដ៏ម៉ុតមាំថា ការសាងសង់ផ្លូវត្រូវមានការត្រួតពិនិត្យឱ្យបានដិតដល់បំផុត ក្រុមហ៊ុនសាងសង់ត្រូវធ្វើផ្លូវតាមលក្ខណៈបច្ចេកទេសដែលធ្លាប់បានឯកភាពគ្នា។

គួរម្លឹកផងដែរថា គម្រោងជួសជុលផ្លូវលេខ១៤៦បេ-១៤៨ សម្រេចការងារសាងសង់បាន ៩៩,៨១% ហើយ។ ផ្លូវនេះត្រូវបានធ្វើតេស្តសាកល្បងចំនួន ៤១៤កន្លែង ក្នុងនោះមានតែពីរកន្លែងប៉ុណ្ណោះ មានគុណភាពក្រោមកម្រិតបច្ចេកទេសបន្តិច ប៉ុន្តែអាចទទួលយកបាន។

ឯកឧត្តមបញ្ជាក់ថា៖ ក្រុមការងារបច្ចេកទេសក្រសួងបានធ្វើតេស្តសាកល្បងគុណភាពសាងសង់ផ្លូវ១៤៦បេ នេះដោយប្រើឧបករណ៍ទំនើបៗជាច្រើន ដូចជា ម៉ាស៊ីន FWD, ROMDAS, GPR, Nuclear, Pendulum ដើម្បីពិនិត្យថាតើក្រុមហ៊ុនបានគោរពតាមស្តង់ដារបច្ចេកទេសដែរឬយ៉ាងណា!

ឯកឧត្តមបានរម្លឹកម្តងហើយម្តងទៀតថា៖ បើបើកឡានមួយគ្រឿងដឹកលើសដប់តោន យក១០x១០ ស្មើ១០០ យក ១០០x១០ ស្មើ ១.០០០ យក១.០០០x១០ ស្មើ១០.០០០ ដូច្នេះឡានមួយគ្រឿងដឹកលើសទម្ងន់១០តោន ស្នើនឹងឡាន មួយម៉ឺនគ្រឿងរត់លើផ្លូវនោះ ធ្វើឱ្យផ្លូវសឹករិចរិលមុនអាយុកាល។

ជាចុងក្រោយ ឯកឧត្តមទេសរដ្ឋមន្ត្រី បានទទូចសុំឱ្យអ្នកប្រើប្រាស់ផ្លូវគោរពច្បាប់ចរាចរណ៍ និងច្បាប់ផ្លូវថ្នល់ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងបានសង្កត់ធ្ងន់ធ្ងរថា៖ ការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍គឺជាការទទួលខុសត្រូវរបស់អ្នកពាក់ព័ន្ធទាំងអស់ រដ្ឋាភិបាលមិនអាចធ្វើបានតែម្នាក់ឯងបានទេ។

- Video Advertisement -