ក្រសួងប្រើរថយន្តទំនើបបំផុតពិនិត្យគុណភាពសំណង់ស្ពាន តម្លៃ៨០ម៉ឺនដុល្លារ

ក្រសួងសាធារណការ និងដឹកជញ្ជូនចាប់ផ្តើមប្រើប្រាស់ជាលើកដំបូងនូវរថយន្តបំពាក់ឧបករណ៍បច្ចេកទេសទំនើបបំផុត តម្លៃ៨០ម៉ឺនដុល្លារ ដើម្បីពិនិត្យគុណភាពហេដ្ឋារចនាសម្ព័ន្ធស្ពាននៅទូទាំងប្រទេស។

នេះបើយោងតាមការចុះពិនិត្យគុណភាពស្ពានព្រែកតាមាក់ របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីថ្ងៃទី ០២ វិច្ឆិកា ២០២២។

ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងថា «ក្រសួងបានចាប់ផ្តើមប្រើប្រាស់រថយន្តដែលភ្ជាប់នឹងម៉ាស៊ីនទំនើបមួយគ្រឿង មានតម្លៃ៨០ម៉ឺនដុល្លារជាលើកដំបូង នៅស្ពានព្រែកតាមាក់។ រថយន្តនេះ អាចត្រួតពិនិត្យមើលស្ថានភាពជាក់ស្តែងនៃសំណង់បាតស្ពាន ផ្នែកខាងក្រោមនៃស្ពាន ដើម្បីពិនិត្យឱ្យដឹងថាស្ពានមានស្នាមប្រេះស្រាំ និងបញ្ហាខូច ឬយ៉ាងណា ងាយស្រួលជួសជុលបានទាន់ពេលវេលា»។

ឯកឧត្តមបន្តថា ក្រោយពីបានប្រើប្រាស់ម៉ាស៊ីនទំនើបត្រួតពិនិត្យស្ពានរួចមក ឃើញថាស្ពាននេះមានការប្រេះស្រាំបន្តិចបន្តួច ហើយឯកឧត្តមក៏បានប្រាប់ឱ្យក្រុមហ៊ុនសាងសង់ស្ពានសៀងហៃជួសជុលស្ពាននេះឡើងវិញផងដែរ។

ក្រសួងបានបញ្ជាក់បន្ថែមថា រថយន្តបំពាក់ឧបករណ៍ទំនើបនេះ បានផ្តល់នូវភាពងាយស្រួល និង ភាពសុក្រឹត្យជាងពេលកន្លងមក ដែលធ្វើការពិនិត្យដោយគ្មានឧបករណ៍ប្រភេទនេះ ម្យ៉ាងរថយន្តប្រភេទនេះ មានលក្ខណៈទំនើប មានសមត្ថភាពខ្ពស់អាចផ្ទុកមនុស្សបានប្រមាណជា១០នាក់សម្រាប់ការចុះទៅពិនិត្យមើលបាតស្ពានផងដែរ៕

- Video Advertisement -