ក្រសួងពិនិត្យគុណភាពផ្លូវជាតិលេខ៣ ម្ដងទៀត មុននឹងដាក់ឱ្យប្រើប្រាស់ឆាប់ៗនេះ
ក្រុមការងារបច្ចេកទេសនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះពិនិត្យកំណាត់ផ្លូវជាតិលេខ៣ ចោមចៅ-កំពត ជាថ្មីម្ដងទៀត មុនធ្វើការប្រគល់-ទទួល និងប្រកាសដាក់ឱ្យពលរដ្ឋប្រើប្រាស់បណ្តោះអាសន្នឆាប់ៗនេះ។
ឯកឧត្ដម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២១ ខែកក្កដា បានឲ្យដឹងថា ការចុះពិនិត្យនេះ គឺដើម្បីធានាថាគុណភាពរឹងមាំស្របតាមបទដ្ឋានបច្ចេកទេស និងលក្ខខណ្ឌកិច្ចសន្យាសាងសង់។
បន្ទាប់ពីការពិនិត្យ ឯកឧត្តមក៏បានណែនាំឱ្យក្រុមហ៊ុនសាងសង់កែសម្រួល និងបំពេញបន្ថែមចំណុចខ្វះខាតដែលនៅសេសសល់មួយចំនួនតូច មុននឹងក្រសួងទទួលយកជាផ្លូវការពីក្រុមហ៊ុនសាងសង់។
សូមជម្រាបដែរថា គម្រោងលើកកម្ពស់ផ្លូវជាតិលេខ៣ (ចោមចៅ-បែកគូស-កំពត) មានប្រវែងសរុប ១៣៤គីឡូម៉ែត្រ ប្រើប្រាស់រយៈពេលសាងសង់ ៤៨ខែ ក្នុងការសាងសង់។
គម្រោងទាំងមូលចំណាយថវិកាសរុបប្រមាណ ២១៩ ដុល្លារអាម៉េរិក ជាហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋប្រជាមានិតចិន ដែលសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសសំណង់ ក្វាងចូវ វ៉ានអាន (Guangzhou Wanan Construction Supervision Co., Ltd)។ (អានបន្ថែម)
គួររំឮកថា គម្រោងពង្រីក និងលើកកម្ពស់ផ្លូវជាតិលេខ៣ បានចាប់បើកការដ្ឋានសាងសង់ នៅថ្ងៃទី ៧ ខែឧសភា ឆ្នាំ២០១៨ ក្រោមអធិបតីភាពសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។ (អានបន្ថែម)

