ក្រសួងសាធារណការពិភាក្សាឱកាសវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធជាមួយសភាពាណិជ្ជកម្មអាមេរិក
ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលព្រឹកមិញនេះ បានជួបជាមួយសភាពាណិជ្ជកម្មសហរដ្ឋអាមេរិកនៅកម្ពុជា (AmCham) ដើម្បីពិភាក្សាសក្ដានុពល និងជំរុញឱកាសវិនិយោគពីអាមេរិកលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនឱ្យបានច្រើនជាងមុន។
កិច្ចប្រជុំគ្នានេះ ត្រូវបានចូលរួមពីក្រុមហ៊ុនមួយចំនួននៃ AmCham ដែលដឹកនាំដោយលោក Anthony Galliano ប្រធាន AmCham និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Cambodia Investment Management។
ក្រៅពីជំរុញ និងលើកទឹកចិត្តឱ្យអាមេរិកមកវិនិយោគបន្ថែមនៅកម្ពុជា ឯកឧត្ដម ស៊ុន ចាន់ថុល ក៏បានបង្ហាញនូវសមិទ្ធិផល ការអភិវឌ្ឍស្ពានថ្នល់ជាច្រើន ដែលសុទ្ធសឹងតែជាកត្តាទាក់ទាញការវិនិយោគ។
គម្រោងទាំងនោះរួមមាន ការស្ដារផ្លូវពីស្រទាប់ស្តើង (DBST) ទៅផ្លូវបេតុងកៅស៊ូ(AC) រួមមានដូចជាផ្លូវវជាតិលេខ១ លេខ២ លេខ២២ លេខ៣ លេខ៤ លេខ៥ ផ្លូវជាតិលេខ៦ លេខ៧ លេខ៨ លេខ៤៨ លេខ១០ លេខ១១ លេខ៥៦ លេខ៥៨ និងផ្លូវជាតិលេខ៧៦ ដែលត្រូវបានបញ្ចប់ការសាងសង់រួចរាល់។
លើសពីនេះ ក៏នៅមានគម្រោងដែលកំពុង និងត្រៀមសាងសង់ដូចជា គម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ដែលសម្រេចបានជាង៥០%ហើយ ទី៣ និងទី ៤ ផ្លូវជាតិលេខ ៣១ ៣៣ ៤១ ផ្លូវជាតិលេខ៧១c និង គម្រោងស្ពានខេត្តក្រចេះ ជាដើម។
ឯកឧត្ដមបានបញ្ជាក់បន្ថែមថា កម្ពុជាកំពុងគិតគូរអំពីគោលនយោបាយ និងយុទ្ធសាស្ត្រសម្រាប់ការដឹកជញ្ជូនបៃតង ដើម្បីសម្របខ្លួនទៅតាមការរីកចម្រើននៃ សាកលភាវូបនីយកម្ម ជាពិសេសការប្រើប្រាស់យានយន្តដែលដើរដោយថាមពលអគ្គិសនី។
ជាទីបញ្ចប់ ភាគីទាំង ២ បានប្តេជ្ញាថា នឹងបន្តជំរុញអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាឱ្យមានកាន់តែរីកចម្រើនជាងនេះទៅទៀត។

