ក្រសួងសាធារណការ នឹងចាប់ផ្ដើមជួសជុលពង្រីកកំណាត់ផ្លូវជាតិលេខ ២១B ឆាប់ៗនេះ

ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងចាប់ផ្ដើមជួសជុលពង្រីកជួសជុលកំណាត់ផ្លូវជាតិលេខ២១បេ ប្រវែងប្រមាណ ៣គីឡូម៉ែត្រ ចាប់ពីផ្លូវបំបែកផ្លូវជាតិលេខ២ ដល់រង្វង់មូលស្ពានព្រែកសំរោង នៃខេត្តកណ្តាល ក្នុងពេលឆាប់ៗខាងមុខនេះ។

នេះបើតាមការបញ្ជាក់ពីឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងពេលពិនិត្យស្ថានភាពផ្លូវ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១។

ផ្លូវជាតិលេខ២១បេ នេះ ជាក់ស្ដែងមានប្រវែងសរុប ១២,៣៣ គីឡូម៉ែត្រ គឺចាប់ពីចំណុចផ្លូវបំបែកផ្លូវជាតិលេខ២ រហូតដល់ចំណុចចុងបញ្ចប់ឋិតនៅផ្លូវបំបែកផ្លូវជាតិលេខ១ ដោយឆ្លងកាត់ស្ពានព្រែកសំរោង។ ដោយឡែក កំណាត់ ៣ គីឡូម៉ែត្រដែលជួសជុល គឺកំណាត់សំខាន់ក្នុងការដឹកទំនិញឆ្លងកាត់វាងក្រុង។

ឯកឧត្តមស៊ុន ចាន់ថុល បានបញ្ជាក់ថា ការជួសជុលស្តារផ្លូវនេះ នឹងប្រើគ្រឿងចក្រ Stabilizer ដែលជាបច្ចេកវិទ្យាទំនើប អាចកាត់បន្ថយផលប៉ះពាល់ចរាចរណ៍ ផលប៉ះពាល់បរិស្ថាន និងពិសេសជួយឱ្យផ្លូវកាន់តែមានភាពរឹងមាំ។

ឯកឧត្តមបន្ដថា ការពង្រីកជួសជុលឡើងវិញនូវកំណាត់ផ្លូវជាតិលេខ២១Bនេះ គឺដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងបញ្ចៀសនូវការកកស្ទះផងដែរ។

លើសពីនេះ ឯកឧត្តមក៏បានស្នើដល់មន្ត្រីជំនាញត្រូវចុះសិក្សា និងធ្វើយ៉ាងណាឱ្យការពង្រីកធ្វើឱ្យរួចរាល់លឿនបំផុត និងមានគុណភាពរឹងមាំ កុំឱ្យគេថាធ្វើមុខខូចក្រោយ ធ្វើក្រោយខូចមុខ។

 

- Video Advertisement -