ក្រសួងសាធារណការ រកចំណូលបានជាង២០០លានដុល្លារ ក្នុងពេល៦ឆ្នាំចុងក្រោយនេះ
បន្ទាប់ពីបានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាផ្តល់សេវាសាធារណៈកន្លងមក ក្រសួងសាធារណការ និង ដឹកជញ្ជូន អាចរកប្រាក់ចំណូលចូលថវិកាជាតិបានសរុបប្រមាណ ២០៨លានដុល្លារអាមេរិក។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងសន្និសីទសារព័ត៌មានស្តីពីសមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២។
នាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន បានឱ្យដឹងថា នាពេលកន្លងមកនេះ ក្រសួង សម្រេចបានសមិទ្ធផលជាវិជ្ជមាន និងផលប្រយោជន៍សំខាន់ៗជាច្រើនគួរឱ្យកត់សម្គាល់ សម្រាប់ប្រទេសកម្ពុជា។
ជាក់ស្តែង ឯកឧត្តម បានបញ្ជាក់ថា បន្ទាប់ពីបានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាផ្តល់សេវាសាធារណៈនាពេលកន្លងមកនេះ យើងសង្កេតឃើញថា ក្រសួងរកប្រាក់ចំណូលចូលជាតិបានសរុបប្រមាណ ២០៨លានដុល្លារអាមេរិក។ ឯកឧត្តមថា ចំនួននេះ បើប្រៀបធៀបចំណូលសេវាសាធារណៈឆ្នាំ២០២១ និង២០១៦ ឃើញថា មានការកើនឡើង ២២ដង ដោយក្នុងឆ្នាំ២០១៦ (មុនពេលប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្ម) ចំណូលសេវាសាធារណៈមាន ត្រឹមតែ១,៩លានដុល្លារអាមេរិក ខណៈដែលចំណូលឆ្នាំ២០២១ (ពេលមានប្រព័ន្ធស្វ័យប្រវត្តិកម្ម) មានចំនួន ៤២លានដុល្លារអាមេរិក តែប៉ុណ្ណោះ។
គួរបញ្ជាក់ថា ក្រសួងសាធារណការ និងដឹកជញ្ជូន បានចាប់ផ្តើមដាក់ឱ្យដំណើរការប្រព័ន្ធបច្ចេកវិទ្យាផ្តល់សេវាសាធារណៈអស់រយៈពេល៦ឆ្នាំមកហើយ គឺគិតចាប់ពីឆ្នាំ ២០១៧ រហូតដល់ ឆ្នាំ២០២២នេះ។ ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធនេះ គឺក្នុងបំណងបង្កើនប្រសិទ្ធភាពដល់ការងារគ្រប់គ្រង និងការអនុវត្តការងារ និងផ្តល់សេវាជូនប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង៕

