ក្រុងកំពតនឹងក្លាយជាទិសដៅទេសចរណ៍ និងមជ្ឈមណ្ឌលកែច្នៃនាំចេញផលិតផលកសិកម្ម

រដ្ឋាភិបាលបានកំណត់យកទីក្រុងកំពត ជាទិសដៅទេសចរណ៍ សំខាន់បំផុតមួយ និងជាកន្លែងប្រមូលផលិតផលកសិកម្ម សម្រាប់ការនាំចេញទៅទីផ្សារអន្តរជាតិ ខណៈហេដ្ឋារចនាសម្ព័ន្ធរូបវន្តក្នុងទីក្រុបឆ្នេរសមុទ្រមួយនេះ កំពុងត្រូវបានកសាង និងអភិវឌ្ឍ។

យោងតាមចក្ខុវិស័យដល់ឆ្នាំ២០៣០ នៃប្លង់គោលប្រើប្រាស់ដីក្រុងកំពតគឺ រដ្ឋាភិបាល កំពុងសំដៅរៀបចំ និងអភិវឌ្ឍ ក្រុងកំពតជាក្រុងគុជបៃតង ឆ្នេរសមុទ្រ ធម្មជាតិ វប្បធម៍ និងពាណិជ្ជកម្ម តាមរយៈការអភិវឌ្ឍន៍ជាទីក្រុង រមណីយដ្ឋានគុជទេសចរណ៍ឆ្នេរសមុទ្រ ធម្មជាតិ វប្បធម៍ ដែលស្អាតបំផុតលើសកលលោក។

តាមរយៈចក្ខុវិស័យនគររូបនីយកម្មនេះ ទីក្រុងកំពតនឹងអភិវឌ្ឍទៅជា មជ្ឈមណ្ឌលកែច្នៃផលិផល កសិកម្ម ឧស្សាហកម្ម ទីផ្សារអន្តរជាតិសម្រាប់ផលិតផលកសិកម្ម និងចែកចាយទំនិញ និងជាទីក្រុងទំនើបដែលមានហេដ្ឋារចនសម្ព័ន្ធ សេវាកម្មទីក្រុង និងគុណភាពបរិស្ថានរស់នៅប្រសើរ។

ក្រៅពីដំណាំកសិកម្មសក្តានុពល ម្រេច និងធុរេន និងវិស័យទេសចរណ៍ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ រថភ្លើង និងការតភ្ជាប់កំពងផែសមុទ្រ គឺជាធាតុផ្សំសំខាន់សម្រាប់ទីក្រុងកំពត និងខេត្តកំពតទាំងមូល។

លោក ចែម ផា អភិបាលរងក្រុងកំពត បានឲ្យដឹងថា ដោយសារខេត្តមានសក្តានុពលផ្នែកទេសចរណ៍ ដងព្រែកធម្មជាតិ ឧទ្យានភ្នំបូកគោ ឆ្នេរសមុទ្រ និងអេកូទេសចរណ៍ ចំការដំណាំសក្តានុពល និងទីក្រុងបេតិកភណ្ឌ។

លោក ចែម ផា ថ្លែងថា៖ «ផ្អែកតាមការរីកចម្រើននាពេលបច្ចុប្បន្ន ក្នុងខេត្តទាំងមូល ជាពិសេសវិស័យទេសចរណ៍ ការគិតគូរដល់ការអភិវឌ្ឍន៍ជារឿងចាំបាច់ ដើម្បីឆ្លើយតបទៅនឹងការរីករចម្រើន ទាំងវិស័យទេសចរណ៍ កសិកម្ម វិស័យដឹកជញ្ជូន»។

លោកអភិបាលរងខេត្តថ្លែងថា ការរីកចម្រើននៃវិស័យទេសចរណ៍ បានធ្វើឲ្យក្រុងកំពត ក្លាយជាទិសដៅថ្មី សម្រាប់ការវិនិយោគ បន្ទាប់ពីទីក្រុងសីហនុ។

ក្រុងកំពតនៃខេត្តកំពត ស្ថិតនៅទិសនិរតី ក្នុងតំបន់ឆ្នេរសមុទ្រនៃប្រទេសកម្ពុជា ដែលមានរមណីដ្ឋានឋានសួគ៍បូកគោ និងជាសមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើពិភពលោក ជាគោលដៅទេសចរណវប្បធម៍ ប្រវត្តិសាស្រ្ត និងធម្មជាតិ ល្អឯក ពេញនិយមបំផុតនៅកម្ពុជា។

ស្ថិតិពីមន្ទីរទេសចរណ៍ខេត្តកំពត បង្ហាញថា ភ្ញៀវទេសចរចូលទស្សនាកម្សាន្តតាមរមណីដ្ឋាននានា និងស្នាក់នៅខេត្តកំពត មានចំនួន ៤៦៧ ៩០៣នាក់ ក្នុងត្រីមាសទី១ឆ្នាំ២០១៩ ក្នុងកំណើន៤.៤ ភាគរយ។ ក្នុងនោះ ភ្ញៀវទេសចរបរទេសមានចំនួន ៥៧ ១០៦នាក់។

- Video Advertisement -