ក្រុមហ៊ុនអាមេរិកធំៗផ្តោតការវិនិយោគសំខាន់លើវិស័យសក្តានុពលរបស់កម្ពុជា
សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបជាមួយគណៈប្រតិភូ US-ABC ដើម្បីពិភាក្សាឱកាសនានាក្នុងបច្ចេកវិទ្យាឌីជីថល សុខាភិបាល យានយន្ត ធានារ៉ាប់រង និងទីក្រុងឆ្លាតវៃ
គណៈប្រតិភូជាន់ខ្ពស់នៃក្រុមហ៊ុនធំៗរបស់សហរដ្ឋអាមេរិកបានបង្ហាញពីបំណងប្រាថ្នាយ៉ាងខ្លាំងក្នុងការស្វែងរកឱកាសវិនិយោគថ្មីៗ និងពង្រីកការវិនិយោគដែលមានស្រាប់នៅក្នុងវិស័យសក្តានុពលជាច្រើនរបស់កម្ពុជា។ បំណងនេះត្រូវបានលើកឡើងក្នុងជំនួបពិភាក្សារវាង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយគណៈប្រតិភូ ដែលដឹកនាំដោយ ឯកឧត្តម Ted Osius អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងប្រចាំតំបន់នៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន (US-ABC) កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥។
នៅក្នុងឱកាសនោះ តំណាងក្រុមហ៊ុនវិនិយោគជាច្រើនក្នុងចំណោមគណៈប្រតិភូអាមេរិកបានបង្ហាញពីបំណងរបស់ពួកគេក្នុងការ ពង្រីកទុនវិនិយោគ ដែលមានស្រាប់ ក៏ដូចជា ស្វែងរកការបណ្តាក់ទុនថ្មីៗ នៅក្នុងវិស័យអាទិភាពជាច្រើន។ វិស័យសក្តានុពលទាំងនេះមានភាពទូលំទូលាយ រួមមាន សុខាភិបាល ទេសចរណ៍និងសេវាកម្មសណ្ឋាគារ បច្ចេកវិទ្យាឌីជីថល ធនាគារនិងហិរញ្ញវត្ថុ ហេដ្ឋារចនាសម្ព័ន្ធ ទីក្រុងឆ្លាតវៃ យានយន្ត និង ការធានារ៉ាប់រង ជាដើម។
វិនិយោគិនក៏បានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការដ៏ល្អដែលក្រុមហ៊ុនរបស់ពួកគេបានទទួលនៅក្នុងប្រទេសកម្ពុជាកន្លងមក ហើយបានប្តេជ្ញាបន្តគាំទ្រ និងជំរុញយ៉ាងសកម្មបន្ថែមទៀតនូវការវិនិយោគរបស់សហរដ្ឋអាមេរិកមកក្នុងប្រទេសនេះ។ ការប្តេជ្ញាចិត្តនេះមានគោលបំណងចូលរួមចំណែកយ៉ាងសំខាន់ដល់ កំណើនសេដ្ឋកិច្ច និង ការអភិវឌ្ឍ របស់កម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ និងថ្លែងអំណរគុណចំពោះចំណាប់អារម្មណ៍ជាថ្មីរបស់ក្រុមហ៊ុនអាមេរិកក្នុងការចាក់បញ្ចូលទុនវិនិយោគបន្ថែមមកក្នុងកម្ពុជា។ សម្តេចនាយករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់អំពីវិធានការជាច្រើនដែលរាជរដ្ឋាភិបាលបានដាក់ចេញដើម្បីកែលម្អបរិយាកាសវិនិយោគ រួមទាំង ច្បាប់វិនិយោគថ្មី និងការបង្កើត យន្តការពិសេស ដែលត្រូវបានរៀបចំឡើងដើម្បីសម្រួលដល់ការវិនិយោគបរទេស។ លើសពីនេះ សម្តេចធិបតីបានលើកទឹកចិត្តក្រុមហ៊ុនអាមេរិកឱ្យពិចារណាលើ ការបណ្តុះបណ្តាលវិជ្ជាជីវៈ និង ធនធានមនុស្ស ក្នុងវិស័យ បច្ចេកវិទ្យាឌីជីថល ដោយសារតែកម្ពុជាកំពុងផ្តល់អាទិភាពខ្ពស់លើការអភិវឌ្ឍ សេដ្ឋកិច្ចឌីជីថល របស់ខ្លួន។
កន្លងមក ក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក ក៏ធ្លាប់បង្ហាញចំណាប់អារម្មណ៍ និងដឹកនាំប្រតិភូធុរកិច្ច មកចូលជួបពិភាក្សាជាមួកកម្ពុជាផងដែរ៕ (អានបន្ថែម)

- Video Advertisement -