ក្រុមអ្នកជំនាញជម្រុញឲ្យវិនិយោគសណ្ឋាគារខណៈវិស័យទេសចរណ៍កំពុងអភិវឌ្ឍខ្លាំង
ក្រុមអ្នកជំនាញផ្នែកឧស្សាហកម្មអចលនទ្រព្យ បានប្រមូលផ្តុំគ្នានៅឯសណ្ឋាគារ Rosewood Hotel កាលពីសប្តាហ៍មុនដើម្បីពិភាក្សាពីឱកាសវិនិយោគផ្សេងៗ ហើយក៏បានផ្តោតលើការវិនិយោគផ្នែកសណ្ឋាគារ ស្របពេលដែលឧស្សាហកម្មទេសចរណ៍នៅកម្ពុជា កំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស។
ក្រោមការសហការរៀបចំដោយទីភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE Cambodia និងក្រុមហ៊ុនច្បាប់ DFDL ការពិភាក្សាខាងលើនេះ បានបង្ហាញពីឱកាស និងបញ្ហាប្រឈមសម្រាប់វិនិយោគិនដែលសម្លឹងមើលការវិនិយោគអចលនទ្រព្យនៅកម្ពុជា។ (អានបន្ថែម)
លោក Charles Amar ទីប្រឹក្សាជាន់ខ្ពស់ស្តីពីការអនុវត្តន៍អចលនទ្រព្យរបស់ក្រុមហ៊ុន DFDL ដែលជាវាគ្មិនមួយរូប បានមានប្រសាសន៍ថា ឧស្សាហកម្មសណ្ឋាគារនៅកម្ពុជាកំពុងផ្លាស់ប្តូរយ៉ាងលឿន ពីប្រភេទសណ្ឋាគារដែលប្រតិបត្តិដោយបុគ្គលមួយរូប ទៅជាសណ្ឋាគារម៉ាកអន្តរជាតិ ខណៈដែលកម្ពុជា កំពុងចាប់ផ្តើមផ្តោតលើការទាក់ទាញភ្ញៀវទេសចរលំដាប់ខ្ពស់បន្ថែមទៀត។
លោកថ្លែងថា «ម៉ាកសណ្ឋាគារអន្តរជាតិនាំមកនូវភ្ញៀវទេសចរជាក់លាក់ជាច្រើន ពីព្រោះពួកគេ [ភ្ញៀវទេសចរ] ស្គាល់សណ្ឋាគារនោះ ប្រភេទសេវាកម្មរបស់សណ្ឋាគារនោះ ហើយពួកគេជឿជាក់ទៅលើគុណភាព ដូចនេះ វានឹងនាំមកនូវភ្ញៀវទេសចរកាន់តែច្រើន។ ដូច្នេះខ្ញុំគិតថាវាជាឱកាសដ៏ល្អ»។
ស្របពេលដែលប្រទេសកម្ពុជាមានបំណងទាក់ទាញអ្នកដំណើរអន្តរជាតិប្រមាណ ១៥ លាននាក់នៅឆ្នាំ ២០៣០ ប្រទេសនេះ នឹងត្រូវការបន្ទប់សណ្ឋាគារចំនួន ១០០,០០០បន្ទប់បន្ថែមទៀតនៅឆ្នាំ ២០២៨ ដែលក្នុងនោះ ៦០,០០០ បន្ទប់នឹងស្ថិតនៅក្នុងផ្នែកប្រណីត។ ថ្មីៗនេះមានសណ្ឋាគារម៉ាកអន្តរជាតិជាច្រើនទៀត ដូចជា Yoo2 Lifestyle Brand និងសណ្ឋាគារ Choice Hotels Asia-Pac បានប្រកាសពីផែនការវិនិយោគរបស់ខ្លួននៅក្នុងប្រទេសនេះ។ (អានបន្ថែម)
Tean Ly ដៃគូគ្រប់គ្រងក្រុមហ៊ុន Seeva Capital បានមានប្រសាសន៍ថា ការវិនិយោគសណ្ឋាគារនៅកម្ពុជាផ្តល់នូវឱកាសដ៏ល្អ ប៉ុន្តែហេដ្ឋារចនាសម្ព័ន្ធជាច្រើនក៏ត្រូវការផងដែរដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យកាន់តែច្រើន។
កញ្ញាថ្លែងថា៖ «សេវាកម្មសំខាន់ដែលពាក់ព័ន្ធក្នុងការទាក់ទាញភ្ញៀវទេសចរនោះគឺ ប្រសិនបើយើងអាចធ្វើការរួមគ្នាដើម្បីកសាងហេដ្ឋារចនាសម្ពន្ធ័ ដើម្បីឱ្យមានភោជនីយដ្ឋាន សារមន្ទីរ និងសកម្មភាពវប្បធម៌ដ៏អស្ចារ្យជាច្រើនទៀត … នោះវានឹងអាចទាក់ទាញមនុស្សកាន់តែច្រើន»។
ឱកាសវិនិយោគលើការកសាងសណ្ឋាគារនេះ កើតឡើងស្របពេលដែលក្រុមហ៊ុនអាកាសចរណ៍ជាច្រើនបានបើកផ្លូវហោះហើរត្រង់បន្ថែមទៀត ដែលតភ្ជាប់ពីប្រទេសកម្ពុជាទៅកាន់ទីក្រុងជាច្រើននៅទូទាំងអាស៊ីអាគ្នេយ៍ ដែលនេះ គឺនឹងជួយសម្រួលដល់ការចំណាយ និងរយៈពេលធ្វើដំណើរសម្រាប់អ្នកទេសចរដែលចង់មកទស្សនាប្រទេសកម្ពុជា។
ក្រៅពីការវិនិយោគលើវិស័យសណ្ឋាគារ កិច្ចពិភាក្សាខាងលើក៏ស្នើឱ្យមានការវិនិយោគបន្ថែមទៀតលើវិស័យផ្សេងទៀត។
លោក Marc Townsend ប្រធានក្រុមហ៊ុន CBRE Cambodia បានមានប្រសាសន៍ថា ការវិនិយោគដែលមានសក្តានុពលផ្សេងទៀត រួមមាន ការិយាល័យ ឧស្សាហកម្ម មជ្ឈមណ្ឌលផ្ទុកទិន្នន័យ ថាមពលពន្លឺព្រះអាទិត្យ ការថែទាំសុខភាព លំនៅដ្ឋានសម្រាប់និវត្តន៍ជន មជ្ឈមណ្ឌលអប់រំ ចំណតរថយន្តឯកជន និងកន្លែងស្ទុកទំនិញ។



- Video Advertisement -