ខេត្តកំពតកំពុងពន្លឿនគម្រោងអភិវឌ្ឍន៍តំបន់ទេសចរបៃតងថ្មីជាប់មាត់ព្រែកត្រើយកោះ
មិនយូរទេ មាត់ព្រែកត្រើយកោះ ស្ថិតក្នុងភូមិទ្វីខាងត្បូង ខេត្តកំពត នឹងត្រូវប្ដូរមុខមាត់ថ្មីក្លាយទៅជាកន្លែងទាក់ទាញទេសចរណ៍ដ៏សំខាន់របស់ខេត្តកំពត ខណៈបច្ចុប្បន្នអាជ្ញាធរកំពុងពន្លឿនសិក្សាគម្រោងអភិវឌ្ឍន៍ទីតាំងនេះ។
នេះបើយោងតាមអភិបាលខេត្តកំពត ឯកឧត្តម ជាវ តាយ ក្នុងពេលចុះពិនិត្យទីតាំងគម្រោងអភិវឌ្ឍន៍តំបន់បៃតង និងលទ្ធផលសំណង់ស្ពានត្រើយកោះ កាលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១។
ឯកឧត្តម ជាវ តាយ បានឱ្យដឹងថា តំបន់ជាប់មាត់ព្រែកត្រើយកោះ ដែលស្ថិតក្នុងភូមិទ្វីខាងត្បូង សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត មានទេសភាពស្អាត និងមានសក្ដានុពលទេសចរណ៍ខ្ពស់។ ដូច្នេះ ក្រុមការងារកំពុងសិក្សាបន្ថែមហេដ្ឋារចនាសម្ព័ន្ធ ធ្វើឱ្យតំបន់នេះក្លាយជាទីកម្សាន្តលំហែកាយគំរូមួយ។ តាមផែនការ ទីតាំងនេះនឹងត្រូវរៀបចំជាតំបន់បៃតង សួនកំសាន្ត កន្លែងហាត់ប្រាណ ជាមួយនឹងការសាងសង់ផ្លូវខ្វាត់ខ្វែង ផងដែរ។
នាឱកាសនេះ ឯកឧត្តមក៏បានជំរុញពន្លឿនដំណើរការសាងសង់ស្ពានបេតុងត្រើយកោះ ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ឱ្យចប់នៅចុងឆ្នាំ ២០២១ នេះ។
ដោយឡែក ពលរដ្ឋចំនួន ១៣ គ្រួសារ ដែលកំពុងរស់នៅលើដីចំណីព្រែកត្រើយកោះ អ្នកជំនាញកំពុងសិក្សាដើម្បីផ្ដល់ជូនប័ណ្ណកម្មសិទ្ធិឱ្យបានឆាប់ៗផងដែរ ។

