ខេត្តព្រះសីហនុស្តារប្រព័ន្ធអូរប្រឡាយជាង ២៧គីឡូម៉ែត្រ ដើម្បីបញ្ចៀសជំនន់ទឹកភ្លៀង

មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះសីហនុ បានអភិវឌ្ឍន៍និងស្តារប្រព័ន្ធអូរប្រឡាយជាង២៧គីឡូម៉ែត្រក្នុងខេត្ត ដើម្បីបញ្ចៀសការជន់លិចដោយសារជំនន់ទឹកភ្លៀងនារដូវវស្សា ហើយបានប្រែក្លាយខេត្តនេះកាន់តែមានសោភ័ណភាព និងអនាម័យបរិស្ថាន។

លោក បូរី វង្សសានិត ប្រធានមន្ទីរសារធារណការនិងដឹកជញ្ជូនខេត្តព្រះសីហនុ បានមានប្រសាសន៍ថា កាលពីប៉ុន្មានឆ្នាំមុន ខេត្តព្រះសីហនុតែងទទួលរងនូវជំនន់ទឹកភ្លៀងនៅពេលដែលមានភ្លៀងធ្លាក់ខ្លាំងម្តងៗ ដោយសារតែមានការកើនឡើងយ៉ាងគំហុកនៃការវិនិយោគ បានធ្វើឱ្យមានការកកស្ទះនូវសំរាមជាច្រើនតាមប្រព័ន្ធលូមួយចំនួនក្នុងខេត្តដែលបង្កជាបញ្ហាលំបាកដល់ការរស់នៅ និងការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ នេះបើយោងតាមការចុះផ្សាយរបស់វិទ្យុជាតិកម្ពុជានៅថ្ងៃទី២៤ ខែឧសភា។

លោកបន្តថា អាជ្ញាធរចាប់ផ្ដើមស្ដារអូរប្រឡាយ ដែលមានចំនួន៥ខ្សែ ប្រវែងសរុប ២៧គីឡូម៉ែត្រ ដើម្បីបញ្ចៀសការលិចលង់នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។

ជាលទ្ធផល កាលពីឆ្នាំមុនក៏មានភ្លៀងធ្លាក់ច្រើន ប៉ុន្តែការលិចលង់ត្រូវបានកាត់បន្ថយដោយនៅសល់តែរយៈពេលតិចក៏ហូរច្រោះទៅអស់ នៅពេលដែលរាំងភ្លៀងបន្តិច គឺទឹកចាប់ផ្ដើមហូរទៅអស់ដូចគ្នាដែរ ។

លោក បូរី វង្សសានិត ថ្លែងថា៖ “មកដល់បច្ចុប្បន្ននេះ គឺមិនមានករណីដូចកាលពីប៉ុន្មានឆ្នាំមុនៗកើតឡើងទៀតទេ ដោយសារតែយើងបានអភិវឌ្ឍរួចរាល់ »។

- Video Advertisement -