ខ្សែកាបរញ៉េរញៃនៅសៀមរាបបានបង្កប់ក្រោមដីជិត៥០%ហើយ គ្រោងសម្រេច១០០%ឆ្នាំក្រោយ

អាជ្ញាធរខេត្តសៀមរាប អះអាងថា រាល់បណ្ដាញខ្សែកាបរញ៉េរញៃលើអាកាសតាមដងផ្លូវទាំងអស់នៅក្នុងក្រុងសៀមរាប នឹងត្រូវបង្កប់ក្រោមដីឱ្យបាន១០០% ក្រោយបញ្ចប់ការសាងសង់ផ្លូវ៣៨ខ្សែ នៅដើមឆ្នាំក្រោយ។

លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប បានឱ្យដឹងក្នុងឱកាសចុះត្រួតពិនិត្យការដ្ឋាន កាលពីថ្ងៃទី២៤ ខែឧសភា នេះថា បណ្តាញខ្សែកាបក្រោមដី ជាផ្នែកមួយនៃគម្រោងរៀបចំទីក្រុងស្អាត និងឆ្លាតវៃ ហើយនៅពេលដែលផ្លូវ ៣៨ខ្សែ បញ្ចប់ហើយនោះ សៀមរាប-អង្គរ ពុំមានទៀតឡើយ ខ្សែកាបលើអាកាស។

ជាមួយគ្នានេះ លោក សុខ សីហា ប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ដសៀមរាប បានឱ្យដឹងថា គម្រោងរៀបចំខ្សែកាបអ៊ុបទិចនៅក្រោមដីនេះ នឹងត្រូវអនុវត្តនៅលើបណ្តាផ្លូវចំនួន ២៤ខ្សែ ក្នុងក្រុងសៀមរាប ឬស្មើនឹងប្រវែងប្រមាណ ១៥០គីឡូម៉ែត្រ។

លោកបន្តថា៖ «ខណៈនៅក្នុងឆ្នាំ២០១៨ និងដើមឆ្នាំ២០១៩ យើងបានអនុវត្តលើដងផ្លូវចំនួន១៤ខ្សែ ហើយ ស្មើនឹងប្រហែលជាង ៧០គីឡូម៉ែត្រ។ យើងរំពឹងថា គម្រោងនេះនឹងត្រូវបានសម្រេចជាលទ្ធផល ១០០% នៅឆ្នាំក្រោយនេះ»។

សូមបញ្ជាក់ថា នៅក្នុងខេត្ដសៀមរាប មានក្រុមហ៊ុនអ៊ិនធឺណិតចំនួន ១១ក្រុមហ៊ុន និងក្រុមហ៊ុនដែលបានទទួលអាជ្ញាប័ណ្ណជីកកប់បំពង់កាបទូរគមនាគមន៍ក្រោមដីចំនួន២ក្រុមហ៊ុន រួមមាន៖ ទូរគមនាគមន៍កម្ពុជារបស់រដ្ឋ និង ក្រុមហ៊ុន(ខេមបូឌា) ហ្វីបើអុបទិកខមញូនីខេសិនណេតវើក Cambodia Fiber Optic Communication Network (CFOCN )៕

- Video Advertisement -