គម្រោងផ្លូវជាតិលេខ១០ ប្រវែង១៩៧គីឡូម៉ែត្រ សម្រេចការសាងសង់ជាង ៦៥ភាគរយ

គម្រោងផ្លូវជាតិលេខ១០ ប្រវែង១៩៧គីឡូម៉ែត្រ តភ្ជាប់ពីសំឡូត- វាលវែង-អូរសោម ដល់កោះកុង សម្រេចការសាងសង់បានប្រមាណ ៦៥ភាគរយ គិតត្រឹមចុងខែមិថុនានេះ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ នៅថ្ងៃទី២៣ ខែមិថុនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវជាតិលេខ១០ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង អាជ្ញាធរដែនដី តំណាងក្រុមហ៊ុនសាងសង់ តំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស មន្ត្រីជំនាញ និងភាគីពាក់ព័ន្ធ។

ក្រសួងសាធារណការបញ្ជាក់ថា ក្រុមហ៊ុនសាងសង់កំពុងបន្តការងារសាងសង់របស់ខ្លួនយ៉ាងសស្រាក់សស្រាំ ដើម្បីសម្រេចការងារឱ្យបានចប់ជាស្ថាពរតាមផែនការដែលបានគ្រោងទុក។

គម្រោងផ្លូវនេះគ្រោងចំណាយថវិកាសរុបប្រមាណ ១៨៨លានដុល្លារអាមេរិក ជាហិរញ្ញប្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។

គម្រោងនេះ សាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC) ត្រួតពិនិត្យបច្ចេកទេសសាងសង់ដោយ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវ វ៉ានអាន និងគ្រោងចំណាយពេលសាងសង់ចំនួន ៤៨ខែ ដើម្បីបញ្ចប់ ក្នុងខែធ្នូ ឆ្នាំ២០២៣។

ក្រៅពីសាងសង់ស្ពានច្រើនកន្លែង ក្នុងគម្រោងនេះ ក៏មានសាងសង់ស្ពានមួយកន្លែងមានកម្ពស់រហូតដល់ ៧៥ម៉ែត្រ បណ្តោយ៥៣០ម៉ែត្រ និងទទឹង១០ម៉ែត្រ ជាស្ពានខ្ពស់ ជាងស្ពានទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

គួរបញ្ជាក់ផ្លូវជាតិលេខ១០ នេះ ត្រូវ​បាន​ដាក់​សម្ពោធ​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​ កាលពីព្រឹក​ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន (អានបន្ថែម)

- Video Advertisement -