គម្រោងរូបរាងជាស្លឹកពោធិ៍តម្លៃជាង $៥,៥លាន នៅមជ្ឈមណ្ឌលវប្បធម៌ពុទ្ធសាសនា សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
គម្រោងសាងសង់ចំនួន៣៨ ដែលមានប្លង់មេមានរូបរាងជាស្លឹកពោធិ៍ នៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនា មានតម្លៃប្រមាណជាង ៥,៥លានដុល្លារអាម៉េរិក ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។
នេះបើតាមពិធីសម្ពោធ ធ្វើឡើងក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៤។
គម្រោងសាងសង់ នេះមានចំនួន ៣៨ គម្រោង ដែលប្លង់មេមានរាងជាស្លឹកពោធិ៍ តំណាងឱ្យការត្រាស់ដឹង ពុទ្ធិ និងបញ្ញា ដែលរួមមានការសាងសង់ព្រះចូឡាមុនីចេតិយ ៩ជាន់ មហាប្រាសាទធម្មចេតិយធំចំនួន ៤ មហាប្រាសាទធម្មចេតិយតូចចំនួន៨ សម្រាប់តម្កល់ព្រះត្រៃបិដក មហាប្រាសាទពុទ្ធចេតិយ ៨៤,០០០អង្គ កសិណទឹកព័ទ្ធជុំវិញ បូជនីយដ្ឋានវិបស្សនាផងដែរ។
សមិទ្ធផល ០៣ធំៗ ដែលសម្ពោធដាក់ឱ្យប្រើប្រាស់នេះ បានប្រើប្រាស់ថវិកាសាងសង់អស់ប្រមាណជាង ៥,៥លានដុល្លារ រួមមាន៖
- ទី១៖ មហាប្រាសាទព្រះធម្មចេតិយទី១ បណ្តោយ ១០៨ម៉ែត្រ ទទឹង ២៧ម៉ែត្រ កម្ពស់ ៥៨,៥០ម៉ែត្រ ដែលមានតម្កល់សិលាចារិកព្រះត្រៃបិដក ១.១៧០ផ្ទាំង ចាប់ផ្តើមសាងសង់ពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៥ បញ្ចប់នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ដោយប្រើប្រាស់ថវិកាអស់ចំនួន ៤.៦៥៧.៥០០ដុល្លារ
- ទី២៖ ផ្លូវបេតុងចំនួន ៩ខ្សែ ប្រវែង ៣,១៥០ម៉ែត្រ ទទឹង ៦ម៉ែត្រ ចំណាយថវិកាសរុប ៧៥៧.៦៦២ដុល្លារ
- និងទី៣៖ បូជនីយដ្ឋានវិបស្សនាទំហំសរុប ៥០០ម៉ែត្រការ៉េ សម្រាប់ធ្វើសមាធិ និងវិបស្សនា តាមរចនាបទខ្មែរ ៥០កន្លែង ចំណាយថវិកាសរុប ៩៦.២៥២ដុល្លារ។
ថ្លែងក្នុងពិធីសម្ពោធខាងលើ សម្តេចបវរធិបតី បានមានប្រសាសន៍ថា ក្រោយសាងសង់រួចរាល់ តាមគម្រោងប្លង់មេដែលបានគ្រោងទុក ឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ «គិរីរម្យ» ទាំងមូលនឹងក្លាយទៅជាបូជនីយដ្ឋានព្រះពុទ្ធសាសនា និងរមណីយដ្ឋានទេសចរណ៍ធម្មជាតិមួយដែលគួរឱ្យទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិមកកម្សាន្តយ៉ាងកុះករ និងបម្រើដល់វិស័យព្រះពុទ្ធសាសនានៅកម្ពុជា ព្រមទាំងបានរួមចំណែកដល់ការសម្រេចបាននូវចក្ខុវិស័យគោលដៅទេសចរណ៍កម្ពុជា។
សម្តេចបានបន្តថា មជ្ឈមណ្ឌលនេះ នឹងក្លាយទៅជាជម្រកសម្រាប់កុមារ យុវជនមួយចំនួន ដែលខ្វះលទ្ធភាពជាពិសេសសិស្ស និស្សិតពីជនបទដាច់ស្រយាលបានប្រើប្រាស់សម្រាប់បួស រៀន និងបន្តការសិក្សាផងដែរ។
គួរបញ្ជាក់ថា មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ស្ថិតនៅក្នុងឧទ្យានជាតិ ព្រះសុរាម្រិតកុសុមៈ គិរីរម្យ ភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលផ្តល់បរិយាកាសអនុគ្រោះ សម្រាប់ការរស់នៅ ការប្រតិបត្តិធម៌ ការធ្វើសមាធិអប់រំចិត្ត ការចម្រើនសមាធិរបស់ព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទទូទៅ ដែលនេះមានសារៈសំខាន់ក្នុងការជួយលើកកម្ពស់សុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្ត របស់ប្រជាជន។




- Video Advertisement -