គម្រោងលើកកម្រិតគុណភាព កំណាត់ផ្លូវជាតិលេខ២១B សម្រេចបាន ៩៥%

ការពង្រីក និងជួសជុលឡើងវិញកំណាត់ផ្លូវជាតិលេខ២១បេ ប្រវែងប្រមាណ ៣គីឡូម៉ែត្រ ចាប់ពីផ្លូវបំបែកផ្លូវជាតិលេខ២ គល់ស្ពានព្រែកហូរ ដល់រង្វង់មូលស្ពានព្រែកសំរោង ខេត្តកណ្តាល សម្រេចការសាងសង់បាន៩៥% ហើយ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំមន្រ្តីចុះពិនិត្យ វឌ្ឍនភាពគម្រោង នៅថ្ងៃទី២៦ ខែមករា កន្លងទៅនេះ។

ផ្លូវនេះមានប្រវែងសរុបប្រមាណ៣គីឡូម៉ែត្រ មានទទឹងផ្លូវ១១ម៉ែត្រ អ៊ុតបេតុងកៅស៊ូ(AC) កម្រាស់១៥សង់ទីម៉ែត្រ ដែលបានចាប់អនុវត្តតាំងពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១មក។

ការសាងសង់ប្រើប្រាស់គ្រឿងចក្រ Stabilizer ដែលជាបច្ចេកវិទ្យាទំនើបផលិតនៅប្រទេសជប៉ុន ព្រមទាំងមានជំនួយបច្ចេកទេសពីអ្នកជំនាញការជប៉ុនផងដែរ ដែលអាចជួយឱ្យផ្លូវកាន់តែរឹងមាំ ប្រើប្រាស់បានយូរ ស្របបរិបទនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន។

សូមបញ្ជាក់ផងដែរថា ផ្លូវជាតិលេខ២១បេ ទាំងមូល មានប្រវែងសរុប ១២,៣៣ គីឡូម៉ែត្រ ចាប់ពីចំណុចផ្លូវបំបែកផ្លូវជាតិលេខ២ រហូតដល់ចំណុចចុងបញ្ចប់ឋិតនៅផ្លូវបំបែកផ្លូវជាតិលេខ១។ ប៉ុន្តែ ត្រង់កំណាត់ជួសជុលនេះ គឺកំណាត់សំខាន់ ក្នុងការដឹកទំនិញវាងក្រុង៕ (អានបន្ថែម)

- Video Advertisement -