គម្រោងវិនិយោគថ្មីៗ ១០ គម្រោង តម្លៃជិត២ ពាន់លានដុល្លារ ត្រូវបានអនុម័តសម្រាប់ខេត្តក្រុង ៨
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចអនុម័តឱ្យក្រុមហ៊ុនឯកជនបោះទុនវិនិយោគ ១ ៨៩៧, ៥ លានដុល្លារអាមេរិក បង្កើតរោងចក្រ វារីអគ្គិសនី កំពង់ផែ និងមជ្ឍមណ្ឌលដឹកជញ្ជូន ចំនួន ១០កន្លែង មាននៅរាជធានីភ្នំពេញ កណ្តាល កំពង់ស្ពឺ បាត់ដំបង កំពត ឧត្តរមានជ័យ កោះកុង និងកំពង់ធំ ។
យោងតាមប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២២ ក្រុមហ៊ុនទាំងនោះរួមមាន៖
១-ក្រុមហ៊ុន INDEPENDENCE CLOTHING (CAMBODIA) CO., LTD: បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃព្រីងខាងត្បូង ១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣,១លានដុល្លារអាមេរិក។
២- ក្រុមហ៊ុន CAMBODIAN GUOXING YI QUN LANG PLYWOOD CO., LTD: បង្កើតរោងចក្រកែច្នៃក្តារបន្ទះ (ពីឈើនាំចូល និងឈើដាំដុះក្នុងស្រុក) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិស្រឡៅតូង ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានទុនវិនិយោគប្រមាណ ៣,៤លានដុល្លារអាមេរិក។
៣-ក្រុមហ៊ុន MUTITA TEXTILE SOCIAL ENTERPRISE CO., LTD: បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសូភី ១ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានទុន វិនិយោគប្រមាណ ៣,៩លានដុល្លារអាមេរិក។
៤-ក្រុមហ៊ុន HAOPAI DECORATION MATERIAL (CAMBODIA) CO., LTD: បង្កើតរោងចក្រផលិតការ៉ូជ័រ កម្រាលបាត ទ្រនាប់កម្រាលបាត និងជើងជញ្ជាំងជ័រ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្តាន់រយ ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ៤,២លានដុល្លារអាមេរិក។
៥- ក្រុមហ៊ុនTMH POULTRY CO., LTD: បង្កើតរោងចក្រកែច្នៃ និងវេចខ្ចប់សាច់ (មាន់ ទា ជ្រូក គោ) និង ផលិតម្ហូបអាហារ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃច្រាបលិច ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ៥,៧លានដុល្លារអាមេរិក។
៦- ក្រុមហ៊ុន ACADEMIC SOLAR ENERGY MFG CO., LTD: បង្កើតរោងចក្រផលិត និងផ្គុំដំឡើងបន្ទះសូឡា ដែល មានទីតាំងវិនិយោគស្ថិតនៅភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មានទុនវិនិយោគ ប្រមាណ៨,២លានដុល្លារអាមេរិក។
៧- ក្រុមហ៊ុន LONGFUITER ANLONG VENG ODDOR MEANCHEY AGRICULTURE PARK CO., LTD: គម្រោងវិនិយោគកសិកម្មដំណាំចេកនិងដំណាំហូបផ្លែ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិលំទងចាស់ ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មានទុនវិនិយោគចំនួន ៥១លានដុល្លារអាមេរិក។
៨- ក្រុមហ៊ុន K.B.X INVESTMENT CO., LTD: គម្រោងវិនិយោគសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន៥២៨បន្ទប់ដែលមានទីតាំងវិនិយោគស្ថិតនៅមហាវិថីព្រះមុនីវង្ស សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មានទុនវិនិយោគចំនួន ១២៩ លានដុល្លារអាមេរិក។
៩- ក្រុមហ៊ុន CAMBODIAN UPPER TATAY HYDROPOWER CO., LTD: គម្រោងវិនិយោគអភិវឌ្ឍន៍វារីអគ្គិសនីស្ទឹងតាតៃលើ អានុភាព ១៥០ MW ដែលមានទីតាំងវិនិយោគស្ថិតនៅស្រុកថ្មបាំង និងស្រុកកោះកុង ខេត្តកោះកុង មានទុនវិនិយោគប្រមាណ ៣៨៩ លានដុល្លារអាមេរិក។ គម្រោងនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុញ្ញាតឱ្យក្រុមហ៊ុនវិនិយោគសាងសង់វារីអគ្គិសនីតាំងពីខែធ្នូ ឆ្នាំ២០២០ មកម្ល៉េះ។ (អានបន្ថែម)
១០- ក្រុមហ៊ុន KAMPOT LOGISTICS AND PORT COMPANY LIMITED: គម្រោងវិនិយោគអភិវឌ្ឍន៍មណ្ឌលភ័ស្តុភារកម្ម និងកំពង់ផែពហុបំណង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចង្ហោន សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត មានទុនវិនិយោគចំនួន ១៣០០លានដុល្លារអាមេរិក។
គួរបញ្ជាក់ថា បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) គម្រោងទាំង ១០ ខាងលើនេះ អាចបង្កើតការងារជូនពលរដ្ឋកម្ពុជា បានរហូតដល់ ៧០១៤ កន្លែងឯណោះ៕
- Video Advertisement -