គម្រោងសង់ផ្លូវក្រវាត់ក្រុងទី៣ សម្រេចបានជិត ៨០ភាគរយ គិតត្រឹមខែតុលា​

គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី៣ តម្លៃជាង ២៦០លានដុល្លារ សម្រេចបានប្រមាណ ៧៧ភាគរយ គិតត្រឹមខែតុលា ខណៈការសាងសង់ស្ពានឆ្លងកាត់ទន្លេបាក់សាក់ សម្រេចបាន ៨៨ភាគរយ។ នេះបើយោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន។

វឌ្ឍនភាពនៃការសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣នេះ ត្រូវបានលើកឡើងមកបង្ហាញដោយ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងសន្និសីទសារព័ត៌មាននៅអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី២៧ ខែតុលា។​

គម្រោងផ្លូវក្រវាត់ក្រុងទី៣នេះ ត្រូវបានប្រារព្ធពិធីបើកការដ្ឋានសាងសង់ កាល​ពី​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ២០១៩ ដែលអនុវត្តការងារសាងសង់ដោយក្រុមហ៊ុន Shanghai Construction Group Co., Ltd. ក្នុងតម្លៃ ២៦៧,៦៧ លានដុល្លារអាមេរិក ក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ៕

ផ្លូវក្រវាត់ក្រុងខ្សែទី ៣ មានប្រវែងសរុប ៥២,៩៨៣ គីឡូម៉ែត្រ មានទទឹង ២២ ម៉ែត្រ មាន ៤ គន្លង ដែលបានតភ្ជាប់ពីផ្លូវជាតិលេខ ៦ ទៅផ្លូវជាតិលេខ ១ កាត់ឆ្លងកាត់ផ្លូវជាតិលេខ ៥ លេខ ៤ លេខ ៣ និងលេខ ២ ។ (អានបន្ថែម)

- Video Advertisement -