គម្រោងសាងសង់ ពង្រីក និងកែលម្អផ្លូវជាតិលេខ ៧ ក្រចេះ-ព្រំដែនឡាវ គ្រោងនឹងចាប់ផ្ដើមឆាប់ៗ

គម្រោងសាងសង់ ពង្រីក និងកែលម្អ កំណាត់ផ្លូវជាតិលេខ៧ ពីភូមិរមាតនៃខេត្តក្រចេះ ទៅដល់ព្រំដែនឡាវ ប្រវែង៩៦គម នឹងត្រូវធ្វើឡើងឆាប់ៗ ក្រោមជំនួយឥតសំណងរបស់ប្រទេសចិន ដែលជាជំនួយបន្ដពីផ្លូវក្រុងក្រចេះ-រមាត ដែលទើបតែបើកសម្ពោធជាផ្លូវការ។

នេះបើយោងតាមប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ក្រុងក្រចេះ-រមាត កាលពីថ្ងៃទី៧ ខែកុម្ភៈនេះ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា៖ «មិត្តចិន មានកាតព្វកិច្ច ២ បន្ថែមទៀត។ កាពត្វកិច្ចទី១ គឺត្រូវតភ្ជាប់ផ្លូវជាតិលេខ៧ ទៅព្រំដែនឡាវ ដែលទាំងពង្រីក និងពង្រីងគុណភាព»។ កាពត្វកិច្ចទី ២ គឺសាងសង់ស្ពានឆ្លងទន្លេមេគង្គ ភ្ជាប់ខេត្តក្រចេះទៅកំពង់ធំ ដែលការដ្ឋានគ្រោងនឹងបើកនៅឆ្នាំ ២០២៣ ខាងមុខនេះ។

ផ្លូវជាតិលេខ៧ នេះ ត្រូវបានកសាង និងដាក់ឱ្យប្រើប្រាស់ ប៉ុន្តែរងការខូចខាតដោយអន្លើៗ ដែលតម្រូវឱ្យការពង្រីងគុណភាពផ្លូវឡើងវិញ។

បើតាមសម្តេចតេជោ ថវិកាសម្រាប់គម្រោងពង្រីងគុណភាព និងពង្រីកផ្លូវជាតិលេខ៧ដល់ព្រំដែនប្រទេសឡាវ គឺរដ្ឋាភិបាលចិនបានសម្រេចផ្តល់ជូនរួចហើយ។

គួរបញ្ជាក់ថា ក្រុមហ៊ុនសាងសង់ចិនសៀងហៃ (SCG) នឹងទទួលបន្ទុកសាងសង់ផ្លូវនេះ។ តាមផែកនារ កំណាត់នេះផ្លូវប្រវែងប្រមាណ ៩៦ គីឡូម៉ែត្រ ចាប់ពីចំណុចរមាតដល់ព្រំប្រទល់ឡាវ។

- Video Advertisement -