គិតត្រឹមបច្ចុប្បន្ន វៀតណាមបោះទុនជាង ៣ពាន់ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍតំបន់ត្រីកោណជាប់ព្រំដែនកម្ពុជា
ប្រទេសវៀតណាម បានបោះទុនវិនិយោគប្រមាណ ៣.៧៣១ពាន់លានដុល្លារ លើគម្រោងចំនួន ១២២គម្រោង ក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណ(DTA) ដែលមានទីតាំងជាប់ប្រទេសកម្ពុជា និងប្រទេសឡាវ។ នេះបើតាមកិច្ចប្រជុំមួយ ដែលមានការចូលរួមពីគណៈប្រតិភូរដ្ឋសភាកម្ពុជា-ឡាវ-វៀតណាម (CLV) កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣។
ក្នុងនោះគណ:ប្រតិភូរដ្ឋសភាកម្ពុជាត្រូវបានដឹកនាំដោយ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណ:កម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា។
គណៈប្រតិភូទាំងបី បានជួបពិភាក្សាជាមួយអភិបាលខេត្តទាំង៥ ក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណ ក្នុងនោះរួមមានខេត្តយ៉ាឡាយ ខេត្តកន្ទូម ខេត្តដាក់ឡាក់ ខេត្តដាក់ណុង និងខេត្តប៊ីងភឿក។
នាឱកាសនោះដែរ ឯកឧត្តម វ៉ូ ហាយហា ប្រធានគណ:កម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាវៀតណាម បានបញ្ជាក់ថា កិច្ចប្រជុំកំពូល(CLV) លើកដំបូងរបស់រដ្ឋសភានៃប្រទេសទាំងបី នឹងត្រូវរៀបចំឡើង ក្នុងខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។
ឯកឧត្តមបន្ត រហូតមកទល់ពេលនេះ ខេត្តខ្លះរបស់ប្រទេសកម្ពុជាដែលស្ថិតក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណ(DTA) វៀតណាមបានវិនិយោគប្រមាណ ៤៥គម្រោង ក្នុងទំហំទឹកប្រាក់១.៦៧៩ពាន់លានដុល្លារ រីឯខេត្តខ្លះរបស់ប្រទេសឡាវក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណ (DTA) វៀតណាមបានវិនិយោគប្រមាណ ៧៧គម្រោង ក្នុងទឹកប្រាក់២.០៥២ពាន់លានដុល្លារ ។
ជាមួយគ្នានេះដែរ ឯកឧត្តម សួស យ៉ារ៉ា បានគាំទ្រ និងឯកភាពលើកិច្ចប្រជុំនេះយ៉ាងពេញទំហឹង ខណៈនឹងមានកិច្ចប្រជុំពីរទៀតនៅខេត្តស្ទឹងត្រែង និងខេត្តចំប៉ាសាក់ ដែលនឹងអនុញ្ញាតឱ្យគណៈប្រតិភូអាចប្រមែប្រមូលព័ត៌មាន ទិន្នន័យនិងគំនិតសំខាន់ៗ សម្រាប់រាយការណ៍ជូនប្រធានរដ្ឋសភានៃប្រទេសទាំងបី ក្នុងកិច្ចប្រជុំកំពូលលើកទី១ នៅក្នុងខែធ្នូខាងមុខ។
គួរបញ្ជាក់ថា តំបន់អភិវឌ្ឍន៍ត្រីកោណ ត្រូវបានអភិវឌ្ឍជាង២០ឆ្នាំមកហើយ ពោលគឺចាប់តាំងពីមានកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៩ ដែលនេះយន្តការដ៏សំខាន់សម្រាប់តភ្ជាប់ប្រទេសជិតខាងទាំងបីនេះ ឱ្យធានាបាននូវសន្តិភាព និងការអភិវឌ្ឍជាបន្តបន្ទាប់។
- Video Advertisement -