ចិនគ្រោងពង្រីកបណ្ដាញរថភ្លើងល្បឿនលឿនដល់ ៥ម៉ឺនគម ត្រឹមឆ្នាំ២០២៥ វែងជាងគេលើលោក
ប្រទេសចិនគ្រោងនឹងពង្រីកបណ្តាញផ្លូវរថភ្លើងល្បឿនលឿនរបស់ខ្លួន ដែលបច្ចុប្បន្នជាបណ្ដាញធំជាងគេលើពិភពលោក ឱ្យកាន់តែធំបន្ថែមទៀត ពោលគឺពង្រីកដល់ ៥០០០០ គីឡូម៉ែត្រត្រឹមឆ្នាំ ២០២៥។ នេះបើយោងតាម South China Morning Post កាលពីថ្ងៃទី ២០ មករា។
ជាក់ស្ដែង គិតត្រឹមចុងឆ្នាំ២០២០ បណ្តាញផ្លូវរថភ្លើងល្បឿនលឿនរបស់ចិនមានប្រវែង ៣៨០០០ គីឡូម៉ែត្រ ដែលវែងជាងគេលើលោកស្រាប់ទៅហើយ។
ជាមួយនឹងផែនការពង្រីកនេះ បណ្តាញផ្លូវរថភ្លើងរបស់ចិនទាំងមូននឹងស្មើទៅនឹងបណ្ដាញរបស់ប្រទេស ៥ បូកចូលគ្នា រួមមាន អេស្ប៉ាញ ជប៉ុន បារាំង អាល្លឺម៉ង់ និងហ្វាំងឡង់។
ក្រៅពីការពង្រីកប្រវែងហើយ ចិនក៏នឹងបន្ថែមការប្រើប្រាស់ប្រព័ន្ធផ្កាយរណប Beidou ក្នុងគោលបំណងរឹតបន្តឹងការគ្រប់គ្រងទិន្នន័យប្រព័ន្ធដឹកជញ្ជូន សម្រាប់សន្តិសុខជាតិ។
គួរបញ្ជាក់ថា នៅក្នុងផែនការទ្រង់ទ្រាយធំ ប្រទេសចិនក៏បានកំណត់ផែនការចង់ពង្រីកបណ្តាញផ្លូវដែកទាំងមូលរបស់ខ្លួនឱ្យបានដល់ទៅ ១៦៥ ០០០ គីឡូម៉ែត្រនៅឆ្នាំ ២០២៥ ផងដែរ។

