ចិនចុះហត្ថលេខាជាមួយកម្ពុជាជំរុញប្រព័ន្ធផ្កាយរណប Bei Dou និងបច្ចេកវិទ្យាចាប់រលកសញ្ញាពីចម្ងាយ

ក្រសួងសាធារណការ និងដឹកជញ្ជូន និងសាជីវកម្មឧស្សាហកម្មមហាកំផែងចិន (CGWIC) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ស្តីពីការជំរុញប្រព័ន្ធផ្កាយរណប BeiDou និងបច្ចេកវិទ្យាចាប់រលកសញ្ញាពីចម្ងាយ (Remote Sensing) នៅកម្ពុជា កាលពីថ្ងៃទី២៥ ខែវិច្ឆិកា នេះ។

កិច្ចសហប្រត្តិការនេះ សំដៅទៅលើកម្មវិធីឧស្សាហកម្មចំនួន ២ គឺ ថ្នាលព័ត៌មាន ឬទម្រព័ត៌មានតាមដានត្រួតពិនិត្យយានយន្តជាតិ “NCVSP” និងប្រព័ន្ធតាមដានត្រួតពិនិត្យនាវា “VMS” ដែលជាដំណាក់កាលដំបូងនៃប្រតិបត្តិការអាជីវកម្មនៅកម្ពុជា។

ជាមួយគ្នានេះ សាជីវកម្ម CGWIC នឹងធ្វើបច្ចុប្បន្នភាពទិន្នន័យបន្ថែមទៀតដោយផ្អែកលើតម្រូវការជាក់ស្តែងនៃផែនទីបង្ហាញផ្លូវក្នុងស្រុក ដើម្បីធានាប្រតិបត្តិការអាជីវកម្ម។

បន្ថែមពីនេះ ភាគីទាំង២ ក៏បានព្រមព្រៀងបង្កើតក្រុមការងាររួមគ្នាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងធ្វើឱ្យប្រសើរឡើងនូវផែនការការងាររៀបចំយន្តការកិច្ចសហប្រតិបត្តិការ និងជំរុញការអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។

គួរបញ្ជាក់ផងដែរថា ប្រព័ន្ធផ្កាយរណប BeiDou-3 គឺជាហេដ្ឋារចនាសម្ព័ន្ធក្នុងលំហអាកាសធំដំបូងបង្អស់របស់ចិន ផ្តល់សេវាសាធារណៈទូទាំងពិភពលោក ផ្តល់កម្មវិធី (applications) យ៉ាងពេញលេញនៅក្នុងវិស័យដឹកជញ្ជូន សុវត្ថិភាពសាធារណៈ ការសង្គ្រោះគ្រោះមហន្តរាយ និងការបន្ថយផលប៉ះពាល់ កសិកម្ម រុក្ខាប្រមាញ់ ការចិញ្ចឹមសត្វ និងជលផល អភិបាលកិច្ចទីក្រុង និងឧស្សាហកម្មដទៃទៀតនៅក្នុងប្រទេសចិន។

តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាខ្ពស់នៃប្រព័ន្ធផ្កាយរណប BeiDou វានឹងផ្តល់ដង្ហើមជីវិតថ្មីទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា សមស្របជាមួយនឹងយុទ្ធសាស្ត្រចតុកោណរបស់កម្ពុជា និងយុទ្ធសាស្ត្រខ្សែក្រវាត់ និងផ្លូវរបស់ប្រទេសចិនផងដែរ។

- Video Advertisement -