ចិនបន្ដនាំមុខគេលើការផ្ដល់កម្ចីឱ្យកម្ពុជាសាងសង់ស្ពានថ្នល់ បច្ចុប្បន្នសរុបជិត៣ពាន់លានដុល្លារ

ចិននៅតែបន្តនាំមុខគេ លើការផ្ដល់កម្ចីឱ្យកម្ពុជាសាងសង់ស្ពានថ្នល់នានា ដោយមកទល់បច្ចុប្បន្នមានសរុបជិត ៣ពាន់លានដុល្លារ ខណៈឯកឧត្តម ស៊ុន ចាន់ថុល ប្រកាសថានឹងបន្តទទួលកម្ចី ឬជំនួយបន្ថែមទៀត ដោយមិនរើសថាពីប្រទេសណានោះទេ ឱ្យតែជួយអភិវឌ្ឍជាតិ ក្រសួងនឹងទទួលយកទាំងអស់។

ថ្លែងក្នុងកម្មវិធី MPWT LIVE SHOW ធ្វើឡើងថ្ងៃ ៣០ សីហា ២០២១ នេះ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា ប្រទេសជប៉ុន និងកូរ៉េខាងត្បូង ជាប្រទេសទី២ និងទី៣ ដែលបានផ្តល់កម្ចីលើការកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។

ឯកឧត្តម បន្តថា ក្រៅពីប្រភពហិរញ្ញប្បទានពីប្រទេសទាំងបីនេះ កម្ពុជាក៏បានទទួលកម្ចីកសាងហេដ្ឋារចនាសម្ព័ន្ធពីធនាគារអភិវឌ្ឍន៍អាស៊ី និងធនាគារពិភពលោក។ ទន្ទឹមនេះ ឯកឧត្តម ស៊ុន ចាន់ថុល លើកឡើងថា ប្រទេសជិតខាងកម្ពុជា គឺប្រទេសវៀតណាម និងប្រទេសថៃ ក៏បានផ្តល់កម្ចីលើការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ស្ពាននៅកម្ពុជាផងដែរ។

ឯកឧត្តម ស៊ុន ចាន់ថុល ថ្លែងថា៖ «កម្ពុជា មិនរើសអើងប្រភពថវិកាឡើយ។ បើមិត្តណាចង់ជួយ យើងនឹងទទួល។ យើងមិនបដិសេធ ឬរើសអើងប្រទេសនេះឬប្រទេសនោះឡើយ។ ល្គឹកណាគេផ្តល់កម្ចីទាន់ពេលវេលាឱ្យកម្ពុជា យើងនឹងទទួល»។ «ហើយមូលហេតុដែលយើងទទួលយកកម្ចីពីចិនច្រើនជាងគេ ក៏ដោយសារតែវិធីសាស្រ្តនៃការអនុម័តកម្ចីរបស់ប្រទេសចិនមកកម្ពុជាគឺងាយស្រួល និងលឿនជាប្រទេសដទៃ» ឯកឧត្តម បានបន្ត។

- Video Advertisement -