ជប៉ុនជួយកម្ពុជា ៣០ម៉ឺនដុល្លារ អភិរក្សតំបន់រមណីយដ្ឋានសំបូរព្រៃគុក
រដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់កញ្ចប់ជំនួយថ្មីចំនួន ៣០ម៉ឺនដុល្លារ ដល់រដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍធនធានមនុស្ស និងធ្វើការជួសជុលឡើងវិញនៅតំបន់រមណីយដ្ឋានសំបូរព្រៃគុក ដែលមានទីតាំងនៅក្នុងខេត្តកំពង់ធំ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានពីស្ថានទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី១២ ខែធ្នូនេះ ឆ្នាំ២០២៣។
គម្រោងជំនួយថ្មីនេះ មានឈ្មោះថា «គម្រោងអភិវឌ្ឍន៍ធនធានមនុស្សក្នុងការថែរក្សា និងជួសជុលតំបន់រមណីយដ្ឋានសំបូរព្រៃគុក» ដែលនឹងផ្តោតលើការពង្រឹងសមត្ថភាពដល់សិស្ស និងអ្នកជំនាញវ័យក្មេងកម្ពុជា ឱ្យទទួលបានការបណ្តុះបណ្តាលលើមុខជំនាញវិជ្ជាជីវៈ កម្រិតខ្ពស់ ដើម្បីអាចអនុវត្តគម្រោងនេះបានប្រកបដោយប្រសិទ្ធភាព និងរលូន ក្នុងការងារថែរក្សា និងជួសជុលតំបន់រមណីយដ្ឋានមួយនេះ។
ក្នុងនោះដែរ ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៤ រដ្ឋាភិបាលជប៉ុន បាននិងកំពុងសាងសង់អគារបណ្តុះបណ្តាល និងផ្តល់សម្ភារៈ និងឧបករណ៍មួយចំនួន សម្រាប់ការងារជួសជុលអភិរក្សនៅរមណីយដ្ឋានសំបូរព្រៃគុកនេះផងដែរ។
កន្លងមក រដ្ឋាភិបាលជប៉ុន បានផ្ដល់ជំនួយលើសកម្មភាពនានាជាច្រើនក្នុងការថែរក្សា និងជួសជុលតំបន់រមណីយដ្ឋានសំបូរព្រៃគុក តាមរយៈគម្រោងមូលនិធិដៃគូ ដោយមានទឹកប្រាក់សរុបចំនួន ៦៣៨.៩៦៧ដុល្លារ ដែលក្នុងនោះបានជួយលើសម្ភារៈ និងឧបករណ៍ ដេញថ្លៃនានា សម្រាប់ប្រើប្រាស់លើការងារជួសជុលឡើងវិញដែលមានរយៈពេល៤ឆ្នាំ ចាប់ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១២។
គួររំលឹកថា ប្រាសាទសំបូរព្រៃគុក មានទីតាំងស្ថិតនៅក្នុងភូមិសំបូរ ឃុំសម្បូរ ស្រុកសំបូរ ខេត្តកំពង់ធំ។ ប្រាសាទនេះស្ថិតនៅតាមបណ្តោយស្ទឹងសែន ដែលមានចម្ងាយប្រហែល ២៨គីឡូម៉ែត្រ ភាគឦសាននៃទីរួមខេត្តកំពង់ធំ និងមានចម្ងាយប្រហែល១៨១គីឡូម៉ែត្រ ពីរាជធានីអង្គរនៃខេត្តសៀមរាប មានចម្ងាយប្រហែល ១៧០គីឡូម៉ែត្រ ពីប្រាសាទព្រះវិហារនៃខេត្តព្រះវិហារ និងមានចម្ងាយប្រហែល ១៩៦គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ ប្រាសាទេនេះសង់លើដី រាបស្មើមានទំហំ ៣,០០០ ហិកតា ។ រមណីដ្ឋានសំបូរព្រៃគុក ជារាជធានីចាស់ឈ្មោះថាឥសានបុរៈពីសម័យនោះជាមជ្ឈមណ្ឌលនៃព្រាហ្មញ្ញសាសនា ដើម្បីឧទ្ទិសថ្វាយដល់ ព្រះសិវៈ ឬព្រះឥសូរនិយម។
- Video Advertisement -